(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត អគ្គមេបញ្ជាការរង នាយសេនាធិការចជម្រុះ នៃកងយោធពលខេមរភូមិន្ទ បានផ្ញើសារលិខិតជូន នាយឧត្តមសេនីយ៍ លី ជួឆឹង ប្រធានអគ្គសេនាធិការកងទ័ពរំដោះប្រជាជនចិន ក្នុងឱកាសខួបទី១០០ឆ្នាំ នៃការបង្កើតគណបក្សកុម្មុយនីស្ដចិន។

ក្នុងសារលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងឱកាសខួបអនុស្សាវរីយ៍ ១០០ឆ្នាំ នៃគណបក្សកុម្មុយនីស្តចិន ក្នុងនាមនាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ សូមសំដែងនូវអំណរសាទរយ៉ាងជ្រាលជ្រៅចំពោះកងទ័ពរំដោះប្រជាជនចិន ក្រោមការដឹកនាំរបស់គណបក្សកុម្មុយនីស្តចិន ក្នុងរយៈពេល១០០ឆ្នាំ ដែលមានការរីកចម្រើនយ៉ាងត្រចះត្រចង់»

នាយឧត្តមសេនីយ៍បានលើកឡើងថា ពិតជាសូមកោតសរសើរ និងចូលរួមអបអរសាទរចំពោះស្នាដៃ និងសមិទ្ធផលដ៏អស្ចារ្យធំៗ ដែលគណបក្សកុម្មុយនិស្តចិនទទួលបានក្នុងរយៈពេល១០០ឆ្នាំកន្លងមកនេះ ពិតជាការរួមចំណែកយ៉ាងធំធេង ចំពោះការរីកចម្រើនក្នុងតំបន់ និងពិភពលោកទាំងមូលដូចប្រសាសន៍របស់ឯកឧត្តម Xi JinPing កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទី១០០ឆ្នាំ របស់គណបក្សកុម្មុយនិស្ដចិន។

តាមរយៈលិខិតដដែល នាយឧត្តមសេនីយ៍ បានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងចិន ដែលមានការអភិវឌ្ឍន៍រីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃអស់រយៈពេលជាង៦០ឆ្នាំនេះ ទទួលបានមកពីការចាប់យកអត្ថន័យស្នូលនៃការកសាងសហគមន៍វាសនារួម ក្រោមអត្ថន័យយុទ្ធសាស្ត្រនៃប្រទេសទាំងពីរ។

ចំណងមិត្តភាពដែកថែបដ៏រឹងមាំរវាងកម្ពុជា និងចិនមិនមែនមួយថ្ងៃអាចកើតឡើងបាននោះទេ។ យើងមិនអាចបំភ្លេចបាននូវចំណងមិត្តភាពដ៏ជ្រាលជ្រៅបំផុតរវាងព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ជាមួយថ្នាក់ដឹកនាំចិនជំនាន់មុន។

យើងមិនអាចបំភ្លេចបាននូវគ្រឿងឥស្សរិយយស «មិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន» ដែលឯកឧត្តមប្រធានាធិបតីចិន Xi Jinping បានថ្វាយដល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល។ យើងមិនអាចបំភ្លេចបាននូវរូបភាព ក្រោយពីមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដ១៩ នៅក្នុងប្រទេសចិន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបំពេញទស្សនកិច្ចជាបន្ទាន់ទៅកាន់ប្រទេសចិន ហើយស្ថិតក្នុងគ្រាលំបាកនៃការប្រយុទ្ធប្រឆាំងជំងឺវីរុស នៅក្នុងប្រទេសកម្ពុជា ចិនបានផ្តល់ជំនួយជាច្រើនជូនដល់កម្ពុជា ចំនួនវ៉ាក់សាំងដែលកម្ពុជាទទួលបាន ក្នុងនោះជាង៩៥% បានមកពីចិន។

ជាពិសេសនោះ គឺចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដមក កងទ័ពយោធាចិន បានផ្តល់ជំនួយជាច្រើនសម្រាប់កិច្ចការទប់ស្កាត់ជំងឺវីរុសជូនដល់កងទ័ពយោធាជាច្រើនប្រទេសលើសកលលោកយ៉ាងទន់ពេលវេលា។ ក្នុងនោះក៏បានចាត់បញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្ត្រដំបូងគេមកកាន់ប្រទេសកម្ពុជា និងបានផ្តល់ជំនួយជាវ៉ាក់សាំងចំនួនពីរលើកដែលមានចំនួនសរុប៦០ម៉ឺនដូស មកកាន់យោធាកម្ពុជាផងដែរ។

ក្រុមអ្នកជំនាញវេជ្ជសាស្រ្តយោធាចិន ក្រុមទី១៦បានរួមចំណែកជួយបណ្ដុះបណ្ដាលអំពីការចាក់វ៉ាក់សាំងកូវីដជូនដល់បុគ្គលិកពេទ្យយោធាកម្ពុជា ជួយដឹកនាំបង្ហាញការចាក់វ៉ាក់សាំងនៅបណ្ដាទីតាំង និងក្នុង “តំបន់ក្រហម” នៃរាជធានីភ្នំពេញ ដែលជាស្មារតីកិច្ចការមនុស្សធម៌ និងអន្តរជាតិ បានធ្វើឱ្យយោធា និងប្រជាជនកម្ពុជាមានក្តីរំភើបជាខ្លាំង។

ជាថ្មីម្តងទៀត ក្នុងនាមនាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ សូមជូនពរចំណង់មិត្តភាព កម្ពុជា-ចិន ថិតថេរជាអមតៈ ដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ កងទ័ពទាំងពីរ និងដើម្បីសុខសន្តិភាព៕

ខាងក្រោមនេះ ជាខ្លឹមសារលិខិតរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់៖