(បាត់ដំបង)៖ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំក្រុមការងារចុះបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ប្រចាំទិសបាត់ដំបង ព្រមទាំងនាំយកនូវភេសជ្ជៈ និងថវិកាដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រគល់ជូនដល់ទីបញ្ជាការមជ្ឈមណ្ឌលស៊ីម៉ាក់ប្រចាំទិសបាត់ដំបង និងឧបត្ថម្ភបុគ្គលិកដោះមីនស៊ីម៉ាក់ចំនួន២នាក់ ដែលមានវិជ្ជមានកូវីដ-១៩ ដោយក្នុងម្នាក់ទទួលបានថវិកាចំនួន៨០ម៉ឺនរៀល។

ក្នុងសម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកស៊ីម៉ាក់ទាំងអស់ ក្រោមការដឹកនាំរបស់ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលស៊ីម៉ាក់ ដែលបាននឹងកំពុងបំពេញការងារសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា សម្រេចបាននូវសមិទ្ធផលយ៉ាងត្រចះត្រចង់ និងជាទីមោទនៈ ក្នុងការបម្រើជាតិមាតុភូមិ និងចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជានៅទីជនបទ តាមរយៈសកម្មភាពបោសសម្អាតមីន។

ក្នុងកាលៈទេសៈដ៏លំបាកនៃការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩នៅកម្ពុជា ដែលកំពុងបង្កហានិភ័យខ្ពស់ដល់សុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា លោកទេសរដ្ឋមន្រ្តី បានណែនាំឲ្យបុគ្គលិកស៊ីម៉ាក់ទាំងអស់ ត្រូវបន្តមានការប្រុងប្រយ័ត្នខ្ពស់ រក្សាអនាម័យ និងថែរក្សាសុខភាព ជាពិសេសត្រូវបន្តអនុវត្តន៍តាមវិធានការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ៣ការពារ ៣កុំ ឲ្យខ្ជាប់ខ្ជួន។

យោងតាមពត៌មានទទួលបានពី លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានបញ្ជាក់ឲ្យដឹងថា គិតមកដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ មានមន្ត្រីស៊ីម៉ាក់ចំនួន៩នាក់ បានឆ្លងជំងឺកូវីដ១៩ ក្នុងនោះនៅទិសខេត្តបាត់ដំបងចំនួន៣នាក់ ភ្នំពេញចំនួន២នាក់ និងនៅទិសខេត្តព្រះវិហារចំនួន៥នាក់ (នៅក្នុងសហគមន៍ស្រអែម)៕