(កំពត)៖ រដ្ឋបាលខេត្តកំពត បានដាំកូនឈើប្រមាណ២៥០ដើម នៅអមសងខាងផ្លូវជាតិលេខ៣៣ (កំពត-កែប) ប្រវែង៣៥០០ម៉ែត្រ គោលបំណងឆ្លើយតប និងងអបអរសាទរ «រុក្ខទិវា ៩កក្កដា ឆ្នាំ២០២១» ដែលរៀបចំពិធី ប្រព្រឹត្តទៅនាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ដែលរៀបចំសហការឡើងដោយខណ្ឌរដ្ឋបាលព្រៃឈើកំពត នៃមន្ទីរកសិកម្មខេត្តកំពត ក្រោមអធិបតីភាព លោក ជាវ តាយ អភិបាលខេត្ត និងលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត និងមានការចូលរួមពីសំណាក់អ្នកពាក់ព័ន្ធប្រមាណ២០០នាក់។

ក្នុងឱកាសនោះលោក ជាវ តាយ អភិបាលខេត្ត បានលើកឡើងថា ពិធីបុណ្យ «រុក្ខទិវា» គឺជាព្រះរាជសកម្មភាពជាប្រវត្តិសាស្រ្ត ក្រោមព្រះរាជកិច្ចដឹកនាំប្រកបដោយព្រះបញ្ញាញាណភ្លឺស្វាងបំផុតរបស់ព្រះករុណា ព្រះបរមរតនកោដ្ឋ ដោយព្រះអង្គបានឡាយព្រះហស្ថលេខាលើព្រះរាជក្រឹត្យលេខ៧៣៨នស ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៥២។

ក្នុងទិសដៅបន្តវេនជាប្រពៃណីពីសម័យសង្គមរាស្រ្តនិយម រាជរដ្ឋាភិបាល ក្រោមការដឹកនាំយ៉ាងម៉ឺងម៉ាត់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា, កម្ពុជាបានធ្វើកំណែទម្រង់ លើវិស័យព្រៃឈើជារៀងរហូតមក ដល់បច្ចុប្បន្ននេះ និងបានរៀបចំពិធីបុណ្យរុក្ខទិវា៩កក្កដា ជាប្រពៃណីគ្រប់បណ្តាខេត្ត-រាជធានី ជារៀងរាល់ឆ្នាំ និងបានដាក់ចេញនូវកម្មវិធីនយោបាយព្រៃឈើ និងធ្វើកំណែទម្រង់លើវិស័យនេះ ដោយបានកំណត់យកបញ្ហាព្រៃឈើ ជាអទិភាព ដើម្បីស្តារនិងអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើនបន្តបន្ទាប់។

ទន្ទឹមនេះលោក ជាវ តាយ បានអំពាវនាវដល់មន្ទីរ អង្គភាពជំនាញ អាជ្ញាធរ មន្ត្រីរាជការ ពលរដ្ឋសិស្សានុសិស្ស ព្រះសង្ឃ ត្រូវចូលរួមដាំដើមឈើប្រណិត និងដើមឈើប្រភេទផ្កាលម្អក្រុងឲ្យបានច្រើន នៅតាមដងផ្លូវជាតិ ឬទីប្រជុំជនក្រុង ស្រុក និងត្រូវចូលរួមថែរក្សានិងដាំដើមឈើឡើងវិញ គ្រប់ទីកន្លែង នៅតាមមន្ទីរ អង្គភាពរដ្ឋ វត្តអារាម សាលារៀនទាំងអស់នៅក្នុងខេត្ត ដើម្បីចូលរួមប្រលងប្រណាំង ក្នុងកម្មវិធីប្រទេសអាស៊ាន ស្តីពីសាលារៀនស្អាត និងបរិស្ថានល្អ។ ទាំងអស់នេះ សំដៅធ្វើឲ្យប្រសើរនូវសោភ័ណ្ឌភាព ទេសភាពធម្មជាតិបរិស្ថានបៃតង ដើម្បីចូលរួមចំណែកកាត់បន្ថយ ការឡើងកំដៅនៅលើផែនដី និងការប្រែប្រួលអាកាសធាតុ។

លោកអភិបាលខេត្ត ក៏បានណែនាំ និងផ្ដាំផ្ញើដល់មន្ទីរកសិកម្មខេត្ត ក៏ដូចជាខណ្ឌរដ្ឋបាលព្រៃឈើកំពត ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ ឲ្យបន្តដាំកូនឈើ ដើម្បីបង្កើតនូវពណ៌បៃតង និងផ្កាគ្រប់ពណ៌សម្រាប់លម្អសោភ័ណ្ឌភាពក្នុងក្រុង ស្រុកនានា ពិសេសក្រុងកំពតតែម្តង។

លើសពីនេះទៅទៀត ត្រូវយកចិត្តទុកដាក់ថែរក្សាការពារ ព្រៃធម្មជាតិ ដោយបន្តការរៀបចំ និងពង្រឹងសហគមន៍ព្រៃឈើ យកចិត្តទុកដាក់បង្រ្កាបទប់ស្កាត់រាល់បទល្មើលព្រៃឈើ ឲ្យបានដូចជាភ្លៀងរលឹម។
ព្រោះព្រៃឈើ មិនត្រឹមតែជាប្រភពស្រូបទាញទឹកភ្លៀង ទប់ស្កាត់ទឹកជំនន់ ខ្យល់ព្យុះ ការហូរច្រោះដី លំនឹងផ្នែកបរិស្ថាន ឬលំអរសោភ័ណភាពទីក្រុង ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាលក្ខខណ្ឌពិសេស ចាំបាច់សម្រាប់ បម្រើឲ្យវិស័យកសិកម្មដែលជាស្នូលសេដ្ឋកិច្ចជាតិទៀតផង។

ក្រោយចប់ពិធីសំណេះសំណាល ជួរថ្នាក់ដឹកនាំ និងអ្នកចូលរួមទាំងអស់ បានធ្វើសកម្មភាពដាំកូនឈើប្រភេទ បេង ធ្នង់ និងកូនក្ងោក ប្រមាណជាង៥០០ដើម នៅទីតាំងអមសងខាងផ្លូវជាតិលេខ៣៣ កំពត-កែប ប្រវែង៣៥០០ម៉ែត ពីស្ពានព្រែកជីក ក្នុងភូមិត្រពាំងធំ ឃុំត្រពាំងធំ រហូតដល់ស្ពានក្បាលរមាស ក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ និងក៏បានចែកកូនឈើ ដល់អាជ្ញាធរ ប្រជាពលរដ្ឋ និងព្រះសង្ឃ ប្រមាណជាង៥៥០ដើមផងដែរ៕