(ត្បូងឃ្មុំ)៖ លោក គង់ សុភាព ប្រធានស្ថានីយថ្លឹងរថយន្តអចល័តថ្នល់ទទឹងខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ចំពោះការពិន័យរបស់ក្រសួងសាធារណការ រថយន្តធន់ធ្ងន់ ទាំងអស់ដែលផ្ទុកលើសចាប់ពី២០% ឡើងទៅ ត្រូវដកបណ្ណបើកបរព្យួរទុក០២ឆ្នាំ ឃាត់យានយន្តទុក០១ឆ្នាំ ដោយរក្សាទុកនៅទីតាំងណាមួយសមស្រប ហើយម្ចាស់យានយន្តត្រូវទទួលខុសត្រូវលើការលើកដាក់ទំនិញ និងបង់ថ្លៃឈ្នួលកន្លែងទុកដាក់ថែទាំ យានយន្តដោយខ្លួនឯង និងបញ្ឈប់អាជីវកម្មដឹកជញ្ជូនរបស់ក្រុមហ៊ុន ០១ឆ្នាំ ក្នុងករណីទទួលរងការពិន័យអន្តរការណ៍រួចម្តងហើយនៅតែបន្តប្រព្រឹត្តិល្មើសទៀត។

លោក គង់ សុភាព បានបញ្ជាក់ដូចនេះនាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ ក្នុងឱកាសបន្តចុះធ្វើការផ្សព្វផ្សាយ និងពង្រឹងវិធានការយ៉ាងតឹងរ៉ឹង ដល់ម្ចាស់ យានយន្ត ដឹកជញ្ជូន ធុនធ្ងន់លើសទម្ងន់កំណត់ បើកឆ្លងកាត់លើដងផ្លូវក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ពិសេសបើកឆ្លងកាត់ទីតាំងស្ថានីយ។

ការបន្តអនុវត្តន៍កាន់តែក្តៅបន្ថែមនេះ ដោយអនុវត្តន៍ទៅតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនលេខ ០៤៩សជណ.សក.គតលទ ចុះកាលពី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០កន្លងទៅ ជាពិសេសការឆ្លើយតបបំភ្លឺរបស់ក្រសួងទៅកាន់ក្រុមរថយន្តធន់ធំបានដឹកលើសទម្ងន់កំណត់ហើយ តែបែជាស្នើរសុំការលើកឡើង កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ ខណៈដែលបំពានក្នុងបទបញ្ញត្តិមាត្រា ២៦ និង៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុទ្ធជាធរមាន។

លោក គង់ សុភាព ក៏បានសំណូមពរដល់ម្ចាស់យានយន្តដឹកទំនិញធន់ធ្ងន់ទាំងអស់ មេត្តាដឹកទម្ងន់ទៅតាមការកំណត់ និងចូលមកកាន់ស្ថានីយ៍ថ្លឹង ទម្ងន់គ្រប់ស្ថានីយ ទូទាំងប្រទេស ជាការរួមសហការគ្នាថែរក្សាគុណភាពផ្លូវប្រើប្រាស់ឲ្យបានល្អយូរអង្វែង ពិសេសពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត គោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្ននិងអធ្យាស្រ័យខ្ពស់ ដើម្បីអាយុជីវិតខ្លួន និងអ្នកដទៃ៕