(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរកឃើញថា ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី (Smart Axiata Co., Ltd.) បានអនុវត្តខុសនឹងនីតិវិធី ក្នុងការបើក លេខទូរសព្ទជូនអតិថិជន ដោយបាន កាត់ផ្តាច់លេខទូរសព្ទរបស់អតិថិជនដែលកំពុងប្រើប្រាស់រាល់ថ្ងៃ ហើយយកទៅលក់បន្តឱ្យអតិថិជនថ្មី ដោយគ្មានការយល់ ព្រមពីម្ចាស់ដើម។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី ចំណាត់ការលើការអនុវត្តខុសនឹងនីតិវិធីក្នុងការបើកលេខទូរសព្ទជូនអតិថិជន របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែល Fresh News ទទួលបាននៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ។

នៅក្នុងសេចក្តីប្រកាសនេះក្រសួងប្រៃសណីយ៍ បានឱ្យដឹងទៀតថា ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍អ្នកប្រើប្រាស់សេវាទូរសព្ទចល័ត ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមជម្រាបជូនសាធារណជន អំពីការចាត់វិធានការលើក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី ដូចខាងក្រោម៖

* ទី១៖ ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី ត្រូវធ្វើការសុំទោសជាសាធារណៈ ដោយចុះផ្សាយក្នុងគេហទំព័រផ្លូវការរបស់ខ្លួន និងសន្យាមិនឱ្យមានហេតុការណ៍ខាងលើ កើតមានសារជាថ្មីម្តងទៀត។

* ទី២៖ ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី ត្រូវផ្តល់សំណងនៃការខូចខាតដល់ម្ចាស់ដើមចំពោះការប្រព្រឹត្ត ខុសនឹងនីតិវិធីក្នុងការបិទលេខទូរសព្ទ ពីអតិថិជនដែលកំពុងប្រើប្រាស់។

* ទី៣៖ ម្ចាស់ដើមមានសិទ្ធិទទួលបានលេខទូរសព្ទនោះមកប្រើប្រាស់វិញ។

* ទី៤៖ រាល់បុគ្គលពាក់ព័ន្ធនឹងករណីខាងលើនេះ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏បានរំលឹកដល់ប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តទាំងអស់ ត្រូវពង្រឹង ការគ្រប់គ្រងនិងនីតិវិធីនៃការចែកចាយ និងលក់ស៊ីមកាត ទូរសព្ទចល័ត ឱ្យបានត្រឹមត្រូវជូនអតិថិជនរបស់ខ្លួន ជៀសវាង មានករណីបែបនេះកើតឡើង។ ក្រសួងនឹងបន្តតាមដាននិងចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុត ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ចំពោះប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តណា ដែលបានប្រព្រឹត្តខុស៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៖