(កណ្ដាល)៖ ក្រុមប្រជាពលរដ្ឋក្នុងភូមិពោធិ៍៤ ឃុំម្កាក់ ស្រុកអង្គស្នួល ចំនួន៣៨៩នាក់ បានស្នើសុំឲ្យមានការដោះស្រាយបន្ទាន់មួយ លើករណីដីស្រះមួយកន្លែងដែលពួកគាត់អះអាងថា ជាដីរួមភូមិ ត្រូវបានអតីតមេភូមិបានលក់ទៅឲ្យ បុគ្គលឯកជន ខណ:ការទិញលក់នេះសូម្បីអាជ្ញាធរឃុំក៏ពុំទទួលស្គាល់ដឹងឮនោះដែរ។ ប៉ុន្តែម្ចាស់ដីបានអះអាងថា គាត់បានទិញដីនេះពីអតីតមេភូមិ និងមានលិខិតទិញលក់ត្រឹមត្រូវ។

ស្ត្រីម្នាក់ឈ្មោះ វ៉ាន់ យើ តំណាងប្រជាពលរដ្ឋក្នុងភូមិ បានថ្លែងប្រាប់មកអ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាល នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះថា ដីនេះដើមឡើយត្រូវបានអ្នកភូមិឯកភាពគ្នា ឲ្យអតីតមេភូមិដែលបានចែកឋានហើយនោះឈ្មោះ គឹម ហ៊ីង ជីកស្ដារស្រះដើម្បីជាប្រយោជន៍សំរាប់សហគមន៍ ប៉ុន្តែស្រាប់តែមួយរយ:ក្រោយមក អតីតមេភូមិបានលួចលក់ដីស្រះរួមភូមិនោះទៅឲ្យបុគ្គលម្នាក់ឈ្មោះ អ៉ិច ស្រី ដោយស្ងាត់ៗ គ្មានការដឹងឮដល់អាជ្ញាធរឃុំម្កាក់ និងស្រុកអង្គស្នួលសោះឡើយ។ ការណ៍នេះ នាំឲ្យប្រជាពលរដ្ឋមានការមិនសុខចិត្ត ក៏បានស្នើសុំឲ្យអាជ្ញាធរឃុំម្កាក់មេត្តារកដំណោះស្រាយជុំវិញបញ្ហានេះផង។

ជុំវិញបញ្ហានេះលោក ឡុង លីម មេភូមិពោធិ៍៤ បានឲ្យដឹងថា ការទិញលក់ដីនេះ គឺធ្វើឡើងតាំងពីអតីតមេភូមិមុនមកម្ល៉េះ លោកពុំបានដឹងនោះទេ ប៉ុន្តែលោកអះអាងថា ការទិញលក់នេះ គឺធ្វើឡើងដោយស្ងាត់ៗដោយភាគីទាំង ២ប៉ុណ្ណោះ ពុំមានការទទួលស្គាល់ពីអាជ្ញាធរឃុំ ស្រុកនោះឡើយ។

ទន្ទឹមនឹងការលើកឡើងនេះដែរ លោក ម៉ៃ មាន ជំទប់ទី១ឃុំម្កាក់ បានបញ្ជាក់ដែរថា ដីនេះមិនមានការទិញលក់ស្របច្បាប់នោះឡើយ ដោយសារអាជ្ញាធរឃុំមិនបានដឹងឮនោះទេ ហើយលោកធ្លាប់កោះហៅភាគី អ៉ិច ស្រី ដែលបានទិញដីនោះមកសួរនាំដែរ ប៉ុន្តែលោកពុំបានចូលខ្លួនដោះស្រាយឡើយ ខណ:លោកព្យាយាមដោះស្រាយរឿងនេះនាពេលកន្លងមក។

ទន្ទឹមនឹងការលើកឡើងនេះដែរ លោក អ៉ិច ស្រី ភាគីទិញដីបានបញ្ជាក់ថា លោកបានទិញដីនេះពីអតីតមេភូមិឈ្មោះ គឹម ហ៉ីង ដោយមានលិខិតទិញលក់ និងមានសាក្សីត្រឹមត្រូវ ក្នុងនោះក៏មានអតីតមេភូមិម្នាក់ផងដែរឈ្មោះ ឡុង លន់ ជាអតីតមេភូមិបានធ្វើសាក្សីទទួលដឹងឮក្នុងការទិញលក់នេះផងដែរ។

លោកបញ្ជាក់ទៀតថា កាលលោកទិញដីនេះនៅឆ្នាំ២០១១ ពុំមានការតវ៉ាអ្វីឡើយ ពោលគឺទិញដោយរលូន ព្រោះម្ចាស់ដីស្រះបានធ្វើលិខិតលក់មកឲ្យគាត់ត្រឹមត្រូវ ហើយអ្នកភូមិដឹងឮគ្រប់ៗគ្នា។ ប៉ុន្តែមកដល់ឆ្នាំ២០១៩ ចំពេលដីឡើងថ្លៃ ស្រាប់តែមានពលរដ្ឋមួយក្រុមដឹកនាំដោយមនុស្សប៉ុន្មាននាក់ ប្ដឹងលោកមិនឲ្យធ្វើប្លង់កម្មសិទ្ធិ និងទាមទារដីដែលលោកបានទិញធ្វើជាកម្មសិទ្ធិដីរួមភូមិទៅវិញ។

លោកបានអះអាងទៀតថា បើសិនជាពលរដ្ឋពិតជាខ្វះទឹកប្រើប្រាស់ពិតមែន លោកយល់ព្រមសម្បទានឲ្យទៅសាលាឃុំម្កាក់ដាក់ជាសម្បត្តិរដ្ឋលើទំហំដី ២០ម៉ែត្រគុណនឹង៣០ម៉ែត្រ (២០×៣០) ដើម្បីជាប្រយោជន៍ដល់សហគមន៍។ ប៉ុន្តែបើសិនជាពលរដ្ឋទាមទារសំរាប់កម្មសិទ្ធិរួមភូមិ លោកមិនយល់ព្រមឡើយ ដោយហេតុថា បារម្ភក្រែងលោពួកគាត់យកដីនេះទៅលក់ទៅឲ្យគេ ព្រោះកំពុងធំក្លិនមិនល្អជុំវិញករណីនេះ៕