(បាត់ដំបង)៖ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ បាននាំអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន ប្រគល់ជូនដល់បុគ្គលិកដោះមីន ដែលបម្រើការងារនៅអង្គការ MAG ចំនួន ១៨៤នាក់ កំពុងជាប់ធ្វើចត្តាឡីស័ក នៅស្រុកសំឡូត ខេត្តបាត់ដំបង។

គ្រឿងឧបភោគ បរិភោគទាំងនោះ មានការចូលរួមចំណែកឧបត្ថម្ភពីអាជ្ញាធរមីន សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងមូលនិធិ Sir Bobby Charlton ប្រចាំកម្ពុជា រួមមាន៖ អង្ករ, ទឹកបរិសុទ្ធ, ទឹកស៊ីអ៉ីវ, មី, ត្រីខកំប៉ុង, សាច់ក្រក, ត្រីងៀត, ម៉ាស់ និងអាកុល។

ក្រៅពីគ្រឿងឧបភោគ បរិភោគ លោកទេសរដ្ឋមន្រ្តី បាននាំយកនូវថវិកា ឧបត្ថម្ភដល់អ្នកវិជ្ជមានកូវីដ១៩ ជាបុគ្គលិកអង្គការ MAG ចំនួន៣នាក់ ដោយក្នុងម្នាក់៥០ម៉ឺនរៀល និងថវិកាចំនួន ៤លានរៀល សម្រាប់ការងារធ្វើចត្តាឡីស័ក នេះផងដែរ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង លោក ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង លោកស្រី ប៊ុត រតនា នាយិកាមូលនិធិ Sir Bobby Charlton ប្រចាំកម្ពុជា និងរដ្ឋបាលស្រុកសំឡូត។

ជួសមុខឱ្យបុគ្គលិកដោះមីនកម្ពុជាទាំងអស់ លោកទេសរដ្ឋមន្ត្រី លី ធុជ បានសម្ដែងនូវការដឹងគុណ និងកត្តញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចទាំងទ្វេរតែងតែយកចិត្តទុកដាក់អាណិតអាសូរ និងគិតគួរដល់សុខទុក្ខ របស់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាការឧបត្ថម្ភគាំទ្រដល់បុគ្គលិកដោះមីនទាំងអស់ រាល់ទុក្ខលំបាក និងគ្រប់ពេលវេលា។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ដល់រដ្ឋបាលខេត្តបាត់ដំបង ចំពោះការផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ និងការគាំទ្រចំពោះគ្រប់ប្រតិបត្តិករ បោសសម្អាតមីនជាតិ-អន្តរជាតិ ដែលកំពុងបំពេញការងារមនុស្សធម៌ ក្នុងការជួយសង្រ្គោះអាយុជីវិត និងផ្តល់ដីប្រកបដោយសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ ព្រមទាំងចូលរួមប្រែក្លាយទឹកដីអតីតសមរភូមិ និងមានការគំរាមកំហែងខ្ពស់ ដោយសារមីន ទៅជាដីដែលមានសុវត្ថិភាព និងការអភិវឌ្ឍដែលការរួមចំណែកទាំងនេះ ពិតជាបានធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានការរីកចម្រើន និងមានភាពធូរធារជាមុន។

លោកទេសរដ្ឋមន្ត្រី លី ធុជ បានលេីកឡេីងថា៖ «រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីបាននាំមកនូវសុខសន្តិភាព និងស្ថេរភាពនយោបាយពាសពេញផ្ទៃប្រទេស ជូនជាតិមាតុភូមិរួចហើយ អញ្ចឹងបងប្អូនអ្នកដោះមីន ដែលជាក្មេងជំនាន់ក្រោយពិតជាមានភារកិច្ចយ៉ាងសំខាន់ ក្នុងការចូលរួមជាមួយសម្តេចតេជោ ដល់កិច្ចគាំពារសន្តិភាព និងការអភិវឌ្ឍ»

បន្ថែមពីនេះ លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ការងារបោសសម្អាតមីននៅកម្ពុជា នៅតែបន្តទៅមុខជានិច្ចទោះបី មានការរីករាលជំងឺកូវីដ១៩ ក៏ដោយព្រមទាំងបានណែនាំឱ្យបុគ្គលិកអ្នកដោះមីនទាំងអស់ ត្រូវបន្តមានការប្រុងប្រយ័ត្នខ្ពស់រក្សាអនាម័យ និងថែរក្សាសុខភាព ជាពិសេសត្រូវបន្តអនុវត្តន៍តាមវិធានការណែនាំរបស់សម្តេចតេជោ «៣ការពារ និង៣កុំ» ឱ្យបានខ្ជាប់ខ្ជួន។

សូមបញ្ជាក់ថា អង្គការ MAG បានបម្រើការងារសកម្មភាពមីនមនុស្សធម៌ នៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២ ហើយបច្ចុប្បន្ននេះ មានបុគ្គលិកចំនួន៦១០នាក់ ក្នុងនោះបុគ្គលិកបរទេស ចំនួន៧នាក់ ប្រតិបត្តការការងារនៅខេត្តចំនួន០៣ រួមមានខេត្តបាត់ដំបង, ខេត្តប៉ៃលិន និងខេត្តរតនគីរី។

គិតត្រឹមខែធ្នូ ឆ្នាំ២០២០ អង្គការ MAG បានរំដោះផ្ទៃដីមានមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណ ៩៥គីឡូម៉ែត្រក្រឡា រកឃើញ និងកម្ទេចមីនប្រឆាំងមនុស្សបានចំនួន ៨១,០៤៧គ្រាប់មីន ប្រឆាំងរថក្រោះ ១,២៤០គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះ ២៦៩,៦៧៤គ្រាប់ព្រមទាំងមានអ្នកទទួលផលប្រមាណ ២លាននាក់៕