(ភ្នំពេញ)៖ សារព័ត៌មានអនឡាញ The Cambodia Daily បានផ្សាយថា បញ្ញវ័ន្តខ្មែរនៅក្រៅប្រទេស បានចាត់ទុកថា ការប្រកាសបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិរបស់ លោក សម រង្ស៉ី មេដឹកនាំក្រុមឧទ្ទាមក្រៅច្បាប់ គឺជាល្បិចនយោបាយបំភាន់ភ្នែកប្រជាពលរដ្ឋ និងនាំអ្នកគាំទ្រទៅកាន់គ្រោះថ្នាក់ជាថ្មីម្តងទៀត។

«បញ្ញវន្តខ្មែរនៅក្រៅស្រុក បានលើកឡើងថា ការប្រកាសឲ្យប្រជាពលរដ្ឋចូលរួមបង្កើតរដ្ឋាភិបាលរួបរួមជាតិ របស់អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី គឺជាល្បិចនយោបាយបំភ័ន្តប្រជាពលរដ្ឋតែប៉ុណ្ណោះ ព្រោះថា កម្លាំងនយោបាយ និងគណៈកម្មាធិការជាតិសម្រាប់ដឹកនាំរដ្ឋាភិបាលរបស់លោក សម រង្ស៊ី មិនមានលក្ខណៈគ្រប់គ្រាន់ដូចជា រដ្ឋាភិបាលរួបរួមជាតិនៅប្រទេសភូមា នោះទេ»។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន The Cambodia Daily។

សារព័ត៌មាននេះ បានដកស្រង់សម្តី លោក គឹម សុខ និងអ្នកបុគ្គលមួយចំនួនទៀតនៅក្រៅប្រទេស ដែលសម្តែងការមិនពេញចិត្តចំពោះនយោបាយរបស់ លោក សម រង្ស៉ី ដែលប្រកាសបង្កើតរដ្ឋាភិបាលបង្រួបង្រួមជាតិ ឱ្យដូចទៅនឹងប្រទេសមីយ៉ាន់ម៉ា ដែលកំពុងមានជម្លោះផ្ទៃក្នុងនាពេលនេះដែរ។

ក្នុងកម្មវិធី idea Talk របស់សារព័ត៌មានអនឡាញ The Cambodia Daily លោក គឹម សុខ ដែលជាអ្នកវិភាគម្នាក់ បានលើកឡើងថា ក្នុងស្ថានភាពដែល លោក សម រង្ស៉ី និងលោក កឹម សុខា កំពុងបបែកគ្នាដូចសព្វថ្ងៃនេះទេ គឺ «សង្រ្គោះជាតិ» មិនមានកម្លាំងគ្រប់គ្រាន់ ដើម្បីបង្កើតរដ្ឋាភិបាលបង្រួបង្រួមជាតិដូចប្រទេសភូមាឡើយ។ លោកអះអាងថា ដើម្បីបង្កើតរដ្ឋាភិបាលរួបរួមជាតិ ទាល់តែមានកម្លាំងគ្រប់គ្រាន់ ប៉ុន្តែបក្សប្រឆាំងបច្ចុប្បន្នកម្លាំងរបស់សង្រ្គោះជាតិ មានការបែកបាក់គ្នាដោយម្ខាងនៅក្នុងស្រុក និងម្ខាងទៀតនៅក្រៅស្រុក ដូច្នេះការបង្កើតរដ្ឋាភិបាលរួបរួមជាតិ គ្រាន់តែបំភាន់ភ្នែកប្រជាពលរដ្ឋប៉ុណ្ណោះ ហើយការបង្កើតនេះ គឺគ្រាន់តែជា «ការគោះព្រៃបង្អើលទន្សាយ» ដែលការប្រកាសបែបនេះនាំគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អ្នកចូលរួមថែមទៀត។

កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះ លោក សម រង្ស៉ី ដែលរត់គេចខ្លួនទៅក្រៅប្រទេស បានប្រកូកប្រកាសអំពាវនាវតាមបណ្តាញសង្គម Facebook ឱ្យប្រជាពលរដ្ឋបង្កើតរដ្ឋាភិបាលខុសច្បាប់មួយ ដោយអះអាងថា យកលំនាំតាមប្រទេសមីយ៉ាន់ម៉ា ដែលកំពុងផ្ទុះជម្លោះផ្ទៃក្នុងរយៈពេលជិតកន្លះឆ្នាំមកហើយ។

លោក មុត ចន្ថា នាយកខុទ្ទកាល័យរបស់ លោក កឹម សុខា បានចេញមុខរិះគន់ជាថ្មីចំពោះ លោក សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ ដែលបានប្រកាសកៀរគរមនុស្សបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ កាលពីពេលថ្មីៗនេះ។ តាមរយៈបណ្តាញសង្គម Facebook លោក មុត ចន្ថា បានចាត់ទុកថា ការប្រកូកប្រកាសរបស់ទណ្ឌិត សម រង្ស៉ី ក្នុងបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ គឺជាអន្ទាក់ថ្មីដាក់អ្នកនយោបាយ និងសកម្មជនមមាច។ លោក មុត ចន្ថា បានសរសេររិះគន់លោក សម រង្ស៉ី ដូច្នេះថា៖ «សម រង្ស៉ី បង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ! អន្ទាក់ថ្មីដាក់អ្នកនយោបាយ និងសកម្មជនមមាច។ លោក កឹម សុខា ព្យាយាមរកដំណោះស្រាយក្នុងស្រុក រីឯលោកសម រង្ស៉ី ខំប្រឹងអូសចេញ។ ភាពខុសគ្នា!»

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានលើកឡើងនៅក្នុងបណ្តាញ Telegram ដោយចាត់ទុកការអំពាវនាវរបស់ លោក សម រង្ស៉ី ថាជាការកើតរោគអផ្សុក និងរវើររវាយស្រមើស្រមៃឃើញនេះឃើញនោះមិនឈប់ និងថា «ជិតឆ្កួត»។ ជាមួយគ្នានេះ លោកគូសបញ្ជាក់ដែរថា ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជាជនក្រៅច្បាប់ ហើយជនណាដែលមានទំនាក់ទំនងជាមួយទណ្ឌិតមេឧទ្ទាមក្រៅច្បាប់គឺជាជនខុសច្បាប់។

ទណ្ឌិត សម រង្ស៉ី មេដឹកនាំចលនាឧទ្ទាមក្រៅច្បាប់ កាលពីនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសឱ្យជាប់ពន្ធនាគារ ២៥ឆ្នាំ ព្រមទាំងដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះបោះឆ្នោតផងដែរ ក្រោមការចោទពីបទ ឧបឃាត ពាក់ព័ន្ធការប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមឧបាយកលជាផែនការនៃការវិលត្រឡប់ចូលប្រទេសកម្ពុជា អំឡុងព្រឹត្តិការណ៍ ៩ វិច្ឆិកា ២០១៩។

ការប៉ុនប៉ងធ្វើរដ្ឋប្រហារតាមរយៈការប្រកាសធ្វើមាតុភូមិនិវត្តន៍ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយឱ្យកងទ័ពងើបបះបោប្រឆាំងរដ្ឋាភិបាល បានបណ្តាលឱ្យមានសកម្មជនជាច្រើននាក់ត្រូវបានចាប់ខ្លួន ខណៈដែល លោក សម រង្ស៉ី ពុំបានត្រឡប់មកប្រទេសកម្ពុជាដូចទៅនឹងការប្រកាសនោះឡើយ៕