(ភ្នំពេញ)៖ មានមិត្តអ្នកអានមួយរូប ដែលទំនងជាអ្នករកស៊ីនាំចេញនាំចូល បានទូរស័ព្ទមកពឹងនាយខ្វែកសូមឲ្យជួយចុះផ្សាយផង ពីរឿងក្រុមហ៊ុន ហុង ឡេងហួរ រកស៊ីនាំចូលទំនិញចម្រុះគ្រប់ប្រភេទពីប្រទេសចិន សង្ស័យបង់ពន្ធមិនគ្រប់ ក្រែងលោបានដឹងដល់អគ្គនាយកគយ និងលោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច មានវិធានការទប់ស្កាត់មានប្រសិទ្ធភាព ព្រោះបើសង្ឃឹមលើមន្ត្រីគយថ្នាក់ក្រោមៗ ខ្លះត្រួតពិនិត្យយកពន្ធតាមរបៀបភួយធំបន្លំដេក និងគយខ្លះទៀតមិនហ៊ានមាត់ក ព្រោះសុទ្ធតែមានអ្នកធំៗផ្ដាំផ្ញើ។

ម្ចាស់ទូរស័ព្ឌខាងលើបានអះអាងថា កាលពីមុនមិនទាន់មានផែស្ងួតខ្លួនឯង មិនទាន់បើកក្រុមហ៊ុនឧកញ៉ា ជា ទ្រី ហៅទីខ្មូត បានស៊ីឈ្មួលនាំចូលទំនិញដឹកឲ្យគេខ្លះ និងនាំចូលខ្លួនឯងខ្លះ ដោយរើបង់ពន្ធនៅតាមកំពង់ផែ ឬមាត់ច្រកព្រំដែនតែម្ដង ហើយពេលដឹកមកតាមផ្លូវក៏បន្តក់ឲ្យសមត្ថកិច្ចផ្សេងៗ ដែលរថយន្តបើកឆ្លងកាត់ខ្លះៗទំរាំដល់កន្លែងលក់ ឬប្រគល់ឲ្យគេត្រូវចំណាយច្រើន ហើយការលក់នៅលើទីផ្សារក៏ទៅតាមនោះដែរ ដើម្បីបានប្រាក់ចំណេញ។ ប៉ុន្តែតាំងពីបើកក្រុមហ៊ុនហ្នឹង បង្កើតផែស្ងួតខ្លួនឯងឈ្មោះ ហុង ឡេងហួរ មក រាល់ទំនិញដែលក្រុមហ៊ុន ហុង ឡេងហួរ នាំចូលដែលភាគច្រើនលើសលប់ជាទំនិញចម្រុះ នាំមកពីប្រទេសចិនតាមកុងតឺន័រនោះ មិនបានរើប្រកាសបង់ពន្ធនៅមាត់ច្រកព្រំដែន ឬកំពង់ផែនោះទេ គឺនាំចូលមកតាមរយៈផែស្ងួតរបស់ខ្លួនតែម្ដង ដែលមានទីតាំងនៅក្បែរផ្លូវជាតិលេខ៣ រាជធានីភ្នំពេញ។ ហើយរាល់ទំនិញដែលក្រុមហ៊ុននេះនាំចូល គេសង្ស័យថាភាគច្រើនបង់ពន្ធមិនគ្រប់ ជ្រកក្រោមរូបភាពទំនិញជាប់អត្រាពន្ធខ្ពស់ ប្រកាសបង់ពន្ធជាទំនិញជាប់អាត្រាពន្ធទាប ដូចជាទំនិញប្រភេទជ័រគ្រឿងក្មេងលេង ត្រូវជាប់អត្រាពន្ធខ្ពស់ បែរជាប្រកាសទំនិញប្រភេទជ័រជាសម្ភារប្រើប្រាស់ ឬប្រើផ្នែកកសិកម្មដែលជាប់អត្រាពន្ធទាប។

ចំណែកទូរស័ព្ទនាំចូលពីចិន គេមិនបង់ពន្ធចំនួនគ្រឿងនោះទេ តែគេបង់ពន្ធរាប់តាមចំនួនកេស កង់ឡានប្រភេទទេសចរណ៍រង្វង់ និងប្រទាលធំ ត្រូវបង់ពន្ធខ្ពស់ តែគេត្រូវគ្នាប្រកាសបង់ពន្ធរង្វង់ និងប្រទាលតូចបង់ពន្ធតិច ទំនិញចាប់ហួយប្រភេទប្រណីត ជាប់អត្រាពន្ធ ៣៥% តែគេប្រកាសទំនិញចាប់ហួយប្រភេទអត្រាពន្ធទាប ឬទំនិញគ្រឿងជ័រប្រើប្រាស់ជាប់អត្រាពន្ធទៀប។ មិនតែប៉ុណ្ណោះទំនិញដែលលួចពន្ធខាងលើ ក្រោយរើទំលាក់ពីកុងតឺន័រហើយមិនបានដឹកចេញភ្លាមៗនោះទេ ដោយអាងផែខ្លួនឯងមិនអស់ថ្លៃផ្ញើ គឺគេនាំចេញម្ដងបន្តិចៗងាយស្រួលបន្លំភ្នែក និងការពារសមត្ថកិច្ចផ្សេងចាប់ត្រួតពិនិត្យ។ ដូច្នេះហើយរាល់ទំនិញដែលអ្នកផ្សេងនាំចូល គឺលក់នៅលើទីផ្សារមិនអាចប្រកួតប្រជែងឈ្នះ ហើយបើទំនិញដែលមិនមានគេនាំចូល គឺលក់ថ្លៃខ្ពស់តែម្ដង។ មិនតែប៉ុណ្ណោះតាមមិត្តអ្នកអានដែលទូរស័ព្ទប្រាប់ បានលើកជាចម្ងល់ថា ក្រុមហ៊ុន ហុង ឡេងហួរ នេះហាក់ដូចត្រូវបានគេផ្ដល់ឱកាសឲ្យ ព្រោះរាល់អ្នកចង់នាំទំនិញពីចិនចូល បើឲ្យក្រុមហ៊ុនផ្សេងរត់ការឲ្យគឺពិបាក តែបើឲ្យក្រុមហ៊ុន ហុង ឡេងហួរ រត់ការនាំចូលឲ្យ គឺសមត្ថកិច្ចផ្សេងៗជួយសំរួលឲ្យមិនពិបាកនោះទេ ដោយគេមានមេៗសមត្ថកិច្ចខេត្តចំនួន ២ខេត្ត ជាអ្នករត់ការផ្លូវអោយទៀតផង។

អ្នកដឹងរឿងផ្សេងទៀតបានធ្លោយប្រាប់នាយខ្វែកថា​ ក្រុមហ៊ុន ហុង ឡេងហួរ របស់ឧកញ៉ា ជា ទ្រី នេះមិនមែនទើបត្រូវដងត្រូវផ្លែជាមួយគយជំនាន់នេះទេ គឺតាំងពីជំនាន់លោក ប៉ែន ស៊ីម៉ន ធ្វើមេគយធំ លោក កែវ សុខឃាង ធ្វើមេគយចល័តមកម្ល៉េះ។

ពាក់ព័ន្ធករណីមានមិត្តអ្នកអានធ្វើការចោទប្រកាន់ទៅលើ ក្រុមហ៊ុន ហុង ឡេងហួរ រកស៊ីនាំទំនិញពីចិនបង់ពន្ធមិនគ្រប់ខាងលើនេះ Fresh News មិនអាចធ្វើការទាក់ទងដើម្បីសុំ ការបំភ្លឺពីលោកឧកញ៉ា ជា ទ្រី បានឡើយ ព្រោះមិនមានលេខទូរស័ព្ទសំរាប់ទំនាក់ទំនង តែដើម្បីចង់ដឹងថាក្រុមហ៊ុននេះ ពិតជានាំទំនិញចូលបង់ពន្ធមិនគ្រប់ដូចការចោទប្រកាន់មែនឬអត់នោះ មានតែលោក គន់ ញឹម អគ្គនាយកគយ និងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឆ្មក់ធ្វើការត្រួតពិនិត្យរកការពិតនោះទេ ទើបមានប្រសិទ្ធភាព៕