(​ព្រុច​សែ​ល​)៖ ប៉ូលិស​របស់​ប្រទេស​ប៊ែលហ្សិក បាន​ធ្វើ​ការស៊ើបអង្កេត និង​បាន​រកឃើញ​ភស្តុតាង​មួយចំនួន​នៅ​តំណាក់កាល​ដំបូង​នោះ គឺ​រូបថត​ដែល​ចាប់បាន​ដោយ​កាមេរ៉ា​សុវត្ថិភាព​នៃ​ព្រលានយន្តហោះ ដែល​ទទួលរង​ការ​បំផ្ទុះ​គ្រាប់បែក​។ នេះ​បើ​តាម​ការផ្សាយ​របស់​សារព័ត៌មាន Sky News ចេញផ្សាយ​នៅ​មុន​នេះ​បន្ដិច នា​ថ្ងៃ​ពុធ ទី​២៣ ខែ​មីនា ឆ្នាំ ២០១៦​។​

​តាមរយៈ​រូបភាព​នេះ ប៉ូលិស​អាច​ធ្វើ​ការសន្និដ្ឋាន​តំណាក់កាល​ទី​មួយ ថា​បុរស​ពីរ​រូប​ដែល​ពាក់​អាវ​ពណ៌​ខ្មៅ ទំនង​ជា​ជន​ដែល​បានដាក់​បង្កៃគ្រាប់​បែក​ឲ្យ​ផ្ទុះ និង​ជន​ម្នាក់​ទៀត​ដែល​ពាក់​អាវ​ពណ៌​ស ទំនង​ជា​អ្នក​សហការ​ជាមួយ​ពួកគេ​ទាំង​២​។

​ពួកគេ​ទាំង​៣​រូបនេះ​ត្រូវបាន​កាមេរ៉ា ចាប់​រូបភាព​បាន​នៅតាម​ផ្លូវ​ធ្វើ​ដំណើរ​ក្នុង​ព្រលាន​យន្តហោះ Zaventem ដោយ​ពួកគេ​បាន​ដើរ​រុញ​រទេះដឹក​ឥ​វ៉ាន់ ឆ្លងកាត់​កន្លែង​នោះ​មុន​ពេល​គ្រាប់បែក​ចំនួន ២​គ្រាប់​បាន​ផ្ទុះ​។ ជន​ទាំង ២​នាក់​ដែល​ឈរ​នៅក្បែរ​គ្នា​នោះ បាន​ពាក់​ស្រោមដៃ​ខ្មៅ ដែល​ប៉ូលិ​សង្ស័យថា​ជា​ការ​លាក់​បំពួន​វត្ថុ​ធាតុ​ផ្ទុះ​ដើម្បី​ត្រៀម​ធ្វើ​ការវាយប្រហារ​។​

​ជនសង្ស័យ​ទី​៣ ក៏​បាន​ព្យាយាម​បំផ្ទុះ​គ្រាប់បែក​ដែរ ប៉ុន្តែ​គ្រាប់​របស់គេ​មិន​បាន​ផ្ទុះ​នោះឡើយ​។ បច្ចុប្បន្ន​ប៉ូលិស​ប៊ែលហ្សិក កំពុងតែ​ធ្វើ​ការស៊ើបអង្កេត និង​វែកមុខ​រក​ជនដៃដល់ ដែល​បាន​បង្ក​ការវាយប្រហារ​ដោយ ភេរវកម្ម​ដ៏​អាក្រក់​បំផុត មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​អឺរ៉ុប​មួយ​នេះ​៕​