(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា អាគាររដ្ឋបាលថ្មី របស់សាលារាជធានីភ្នំពេញ នឹងត្រូវដាក់ សម្ពោធឲ្យប្រើប្រាស់ នៅថ្ងៃទី៥ ខែមេសាខាងមុខនេះ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នេះបើតាម Facebook ផ្លូវការរបស់អភិបាលរាជធានីភ្នំពេញ។

ការបញ្ជាក់នេះ ធ្វើឡើងក្នុងកិច្ចប្រជុំស្តីពីការរៀបចំ បទបង្ហាញលទ្ឋផលលម្អិត នៃសន្និសីទជាតិ ស្តីពីស្ថានភាពប្រជាជននៅតាមផ្លូវ និងពិភាក្សាពីទម្រង់ នៃកិច្ចសហប្រតិបត្តិការ រវាងអាជ្ញាធរពាក់ព័ន្ឋរបស់រាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមីនាម្សិលមិញ។  

ក្រៅពីប្រជុំពិនិត្យត្រៀម កម្មវិធីសម្ភោធអាគាររដ្ឋបាលថ្មី របស់សាលារាជធានីភ្នំពេញហើយ អង្គរប្រជុំក៏បាន ពិភាក្សាពីគម្រោង ស្ថាបនាពង្រីក កំណាត់ផ្លូវជាតិលេខ៤ ប្រវែង១៧៥០ម៉ែត្រ ចាប់ពីរង្វង់មូលចោមចៅ ដល់ផ្លូវកប់ស្រូវ និងសាងសង់ស្ពានអាកាស ថ្មើរជើង នៅមុខវិទ្យាល័យហ៊ុន សែន ជម្ពូវ័ន្ត, ការរៀបចំសួនច្បារមុខវត្តបុទុមវត្តី ឲ្យកាន់តែល្អប្រសើរឡើង ទាំងហេដ្ឋរចនាសម្ព័ន្ឋ សោភណ្ឌភាព អនាម័យ កន្លែងកុមារកំសាន្ត អាហារដ្ឋាន ចំណត់យានយន្ត បន្ទប់ទឹកអនាម័យសាធារណៈនិងការរៀបចំថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានផ្តួចផ្តើមឡើង ដោយសហភាពសហព័ន្ឋយុវជនកម្ពុជាផងដែរ៕