(ភ្នំពេញ)៖ ព្រឹត្ដិការណ៍ដ៏អស្ចារ្យ នៃពិព័រណ៍ម្ហូបអាហារអាស៊ាន ដែលគាស់កកាយនូវម្ហូបអាហារបែបប្រពៃណី និងជាកេរ្តិ៍ដំណែលរបស់ខ្មែរ ដែលបានបន្សល់ទុក ជាយូរណាស់មកហើយ ចំនួន៧០មុខ ដែលសុទ្ធសឹងតែជាម្ហូបប្រចាំតំបន់មកពី១៩ រាជធានី-ខេត្ត ដើម្បីយកមកបង្ហាញជូនឱ្យប្រជាពលរដ្ឋទាំងអស់គ្នាបានស្គាល់ និងបានភ្លក្សរសជាតិ ដ៏វិសេសវិសាលនៃស្នាដៃ ដែលបានបន្សល់ទុកដោយបុព្វបុរសខ្មែរ។

បន្ថែមពីនេះទៀត សម្រាប់លោកអ្នកដែលចង់ភ្លក្សអាហារបរទេស លោកអ្នកក៏អាចមកសាកអាហារ របស់ប្រទេសអាសាននៅក្នុង កម្មវិធីនេះតែម្តង ដោយមិនចាំបាច់ទៅបរទេសច្រើនដង ដើម្បីពិសារអាហារនោះឡើយ។

ការពិព័រណ៍ម្ហូបអាហារអាស៊ាដ៏ ប្រណិតនេះ នឹងប្រព្រឹត្ដិឡើងនៅថ្ងៃទី០១ និងទី២ ខែមេសា ឆ្នាំ២០១៦នេះ ដែលរៀបចំដោយ អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ដោយមានការដាក់តាំងបង្ហាញ និងលក់អាហារជាង៧០មុខ មកពីបណ្តាប្រទេសអាស៊ាន ព្រមទាំងមានការសម្តែងសិល្បៈប្រចាំប្រទេសនិមួយៗ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ក្នុងទីក្រុងភ្នំពេញ ដើម្បីប្រមូលថវិកា ជួយដល់កុមារក្រីក្រនៅកម្ពុជា។

លោក ពិន សារាពេជ្រ នាយករបស់អង្គការដើម្បីភាពញញឹមនៃកុមារ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦នេះថា «ការប្រារព្ធកម្មវិធីនេះឡើង ដើម្បី សេចក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមកនិងជំរុញការរស់នៅដោយសុខដុមរមនា ហើយយើងរួមគ្នាកសាងនូវជាតិអាស៊ានមួយ។ យើងជាជនជាតិផ្សេងគ្នា ប៉ុន្តែពួកយើងគ្មានអ្វីខុសគ្នាឡើយ យើងអាចជួយគ្នា ទៅវិញទៅមក ពិសេសមនុស្សធម៌ មានន័យថា ជាការជួយឲ្យមនុស្សគ្រប់គ្នាអាច ក្រោកឈរនិងមានការអភិវឌ្ឍដែលមាន និរន្តភាព»។

លោកបន្ដថា អង្គការដើម្បីភាពញញឹមនៃកុមារជឿជាក់ថា មានតែការអប់រំ និងការបណ្តុះបណ្តាលចំណេះដឹងប៉ុណ្ណោះ ដែលអាចជួយឲ្យ កុមាររួចផុតពីភាពក្រីក្រ ហើយយើងរួមគ្នាជួយប្រជាជនក្រីក្រ កសាងសង្គមជាតិមួយ ដែលមានការចែករំលែក មានសន្តិភាព និងសេចក្តីស្រឡាញ់។ អ្វីគ្រប់យ៉ាងគឺដើម្បីជីវភាពដ៏ថ្លៃថ្នូរនៅក្រោមដំបូលអាស៊ាន តែមួយ។

នៅរាត្រីថ្ងៃទី១ និងទី២ ខែមេសានេះ នឹងមានសិល្បករ សិល្បការនីល្បីៗជាច្រើនរូប មកចូលរួមសម្តែងនៅលើវេទិកាដ៏អស្ចារ្យ ដែលរួមមាន ការប្រគុំតន្រ្តី ការសម្តែង ចម្រៀងបុរាណ និងសម័យ របាំបុរាណ និងមានការសម្តែងរបស់សិស្សានុសិស្ស ផងដែរ។ លើសពីនេះ ក៏មានការតាំងបង្ហាញ និងលក់ផលិតផលផ្សេងៗពីបណ្តាក្រុមហ៊ុនជាច្រើន កន្លែងកម្សាន្តជាលក្ខណៈ អប់រំសម្រាប់កុមារ ជាពិសេសនឹងមានការរាំលេងកម្សាន្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងមកដល់ក្នុងពេលឆាប់ៗ ខាងមុខនេះ។

កម្មវិធីនេះត្រូវគាំទ្រយ៉ាងពេញទំហឹងដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងទេសចរណ៍ និងក្រសួងអប់រំ យុវជន និងកីឡា។ នេះជាលើកទីមួយហើយដែលអង្គការ ដើម្បីភាពញញឹមនៃកុមារ បានទទួលរៀបចំកម្មវិធីម្ហូប អាហារថ្នាក់ អាស៊ានបែបនេះ បន្ទាប់បានទទួលនូវភាពជោគជ័យក្នុងការរៀបចំ«ពិធីបង្ហាញម្ហូបអាហារខ្មែរ» ក្នុងរយៈពេល១០ ឆ្នាំនេះ ដោយមានអ្នកចូលរួមជិត១ម៉ឺននាក់ជារៀងរាល់ឆ្នាំ។

សំបុត្រចូលរួម១សន្លឹកមានតម្លៃត្រឹមតែ៣ដុល្លារប៉ុណ្ណោះ ហើយថវិកាទាំងអស់ដែលទទួលបានពីការទិញសំបុត្រ និងពីកម្មវិធីទាំងមូលនឹងយកទៅផ្គត់ផ្គង់អាហារចំនួន១០ម៉ឺនពេលដល់កុមារក្រីក្រ។ តាមរយៈសំបុត្រចូលរួមនេះ លោកអ្នក អាចប្តូរយក បាននូវភេសជ្ជៈសម្រាប់ពិសារ ឬធ្វើការចាប់រង្វាន់ពីកម្មវិធី។

សម្រាប់លោកអ្នកដែលមាន ចំណាប់អារម្មចំពោះកម្មវិធីពិព័រណ៍ ក៏ដូចជាចង់ចូលរួមចំណែកក្នុងកិច្ចការងារមនុស្សធម៌ លោកអ្នកអាចរកទិញសំបុត្រចូលរួមបាននៅស្ថានីយ៍ប្រេងឥន្ធនៈតូតាល់, ភោជនីយដ្ឋាន Lotus Blanc , មុខពហុកីឡាដ្ឋានជាតិ អូឡាំពិក ឬទូរស័ព្ទទៅលេខ ០៨៦ ៨៤៤ ៤១១៕