(ភ្នំពេញ)៖ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦កន្លងទៅនេះ អគ្គស្នងការនគរបាលជាតិ បានធ្វើលិខិតមួយច្បាប់គោរពជូនទៅរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ដើម្បីឲ្យក្រសួងធ្វើលិខិតជំរាប​ជូនទៅ​ក្រសួងសេដ្ឋ​កិច្ច និងហិរញ្ញវត្ថុ ដើម្បីពិភាក្សាគ្នាលើករណីសមត្ថកិច្ចគយ ចាប់រថយន្តដែលមានពាក់ស្លាកលេខ និងឡូហ្គោនគរបាលជាតិ ធ្វើការត្រួតពិនិត្យក្រោម​ហេតុផល​ចាប់​រថយន្តអត់​បង់ពន្ធនាំចូល។

អគ្គស្នងការនគរបាលជាតិ បានចាត់ទុកចំណាត់ការរបស់សមត្ថកិច្ច ដែលសហការជាមួយមន្ត្រីកងរាជអាវុធហត្ថ ចាប់រថយន្តមានពាក់ស្លាកលេខ និងបិទឡូហ្គោនគរបាលនៅតាម ដងផ្លូវសាធារណៈ​ដើម្បីយកទៅធ្វើការត្រួតពិនិត្យពន្ធនាំចូលខាងលើនេះ បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស របស់នគរបាលជាតិ ព្រោះតែរថយន្តទាំងអស់នោះ បានចុះបញ្ជីទ្រព្យសម្បត្តិ​ត្រឹមត្រូវ​របស់ក្រសួងមហាផ្ទៃ។ ដូច្នេះដើម្បីកុំឲ្យប៉ះពាល់ដល់កិត្តិយស នគរបាលជាតិ ក្រសួងមហាផ្ទៃ គួរស្នើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យគយចល័តផ្អាកសកម្មភាព និងស្នើឲ្យមានការពិភាក្សាគ្នា ដើម្បីរិះរកវិធានការដោះ​ស្រាយសមស្របរវាង ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្នុងនោះគេដឹងថា សម្ដេចក្រឡាហោម ស ខេង ក៏បានឯកភាពផងដែរ។

កន្លងមករឿងរថយន្តពាក់ស្លាកលេខ ន.ប និងស្លាកលេខ ខ.ម គឺជារឿងឈឺក្បាល ព្រោះមានរថយន្តឯកជន ជាពិសេសរថយន្តអត់ពន្ធនាំចូល និងរថយន្តធ្វើអាជីវកម្មល្មើសច្បាប់ ភាគច្រើនបន្លំពាក់​ស្លាកលេខ ន.ប និងស្លាកលេខ ខ.ម ហើយម្ចាស់រថយន្ត ឬអ្នកបើកបររថយន្តខាងលើនេះ ភាគច្រើនមិនសូវគោរពច្បាប់ នាំឲ្យមានការរិះគន់ពីសាធារណជនយ៉ាងខ្លាំង រហូតដល់ប្រជាពលរដ្ឋភាគច្រើន បានទំលាក់កំហុសខាងលើនេះទៅលើ រាជរដ្ឋាភិបាល និងចោទរាជរដ្ឋាភិបាលថា មានកំសោយក្នុងការគ្រប់គ្រងរថយន្តពាក់ស្លាកលេខ ន.ប និងពាក់ស្លាកលេខ ខ.ម បង្កទៅជាភាពជាអនាធិបតេយ្យ។

ប៉ុន្តែមួយរយៈចុងក្រោយនេះ ករណីរថយន្តពាក់ស្លាកលេខ ន.ប និងស្លាកលេខ ខ.ម ហាក់ដូចជា ធូរស្រាលឈានមករកភាពល្អប្រសើរឡើងវិញ បន្ទាប់ពីក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ធ្វើការរឹតបន្តឹងទៅលើការផ្ដល់ស្លាកលេខ និងគ្រប់គ្រងយានយន្តពាក់ស្លាកលេខ ន.ប និងស្លាកលេខ ខ.ម បានម៉ត់ចត់រួចមក ហើយប្រជាពលរដ្ឋក៏មិនសូវឃើញធ្វើការរិះគន់ខ្លាំងៗដូចលើកមុនដែរ។

ឥឡូវក្រោយពីរាជរដ្ឋាភិបាលសម្រេចឲ្យក្រសួងមហាផ្ទៃ ធ្វើការរឹតបន្តឹងច្បាប់ចរាចរណ៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការរឹតបន្តឹងចំណូលពន្ធ រួមទាំងចាប់រថយន្ត-ម៉ូតូ អត់ពន្ធបង្ខំឲ្យបង់ពន្ធ និងធ្វើការផាកពិន័យដោយគ្មានការលើកលែងរួចមក គេសង្កេតឃើញមានរថយន្តអត់ពន្ធ នាំចូលតិចតួចប៉ុណ្ណោះ ត្រូវបានម្ចាស់យកទៅបង់ពន្ធ ក្រៅពីនេះភាគច្រើន​គឺម្ចាស់នៅតែ​សុខចិត្តជិះអត់ពន្ធ​ដដែល ដោយសារតែតម្លៃបង់ពន្ធ និងផាកពិន័យភាគច្រើនថ្លៃជាងតម្លៃរថយន្តទៅទៀត ដូចជារថយន្តអត់ពន្ធខ្លះបើលក់បានតែ ១ម៉ឺនដុល្លារប៉ុណ្ណោះ តែបើយកទៅបង់ពន្ធ បូកនឹងប្រាក់ពិន័យ គឺអស់ជាងជាង ១ម៉ឺនដុល្លារ ឬជិត ២ម៉ឺនដុល្លារក៏មានដែរ។

ដូច្នេះហើយទើបបានជាម្ចាស់រថយន្តអត់ពន្ធភាគច្រើនមិនព្រមបង់ពន្ធ ហើយអ្នកខ្លះសុខចិត្តពាក់ស្លាកលេខក្លែងក្លាយ ខ្លះជ្រកក្រោមស្លាកលេខ នគរបាល ស្លាកលេខខេមរភូមិន្ទ និងខ្លះទៀតជ្រក​ក្រោមស្លាកលេខរាជការ...បន្លំភ្នែកសមត្ថកិច្ចជាដើម។ ដោយឡែកសម្រាប់មន្ត្រីនគរបាលមួយចំនួន ដែលជិះរថយន្តអត់ពន្ធនាំចូល ហើយគេចផុតពីការចាប់បង្ខំឲ្យបង់ពន្ធ និងពិន័យ ត្រូវបានអង្គ​ភាពធ្វើការ​សម្របសម្រួលអនុញ្ញាត​ឲ្យចុះបញ្ជី យានយន្តនោះជាទ្រព្យសម្បត្តិរបស់ក្រសួងមហាផ្ទៃ ដោយពាក់ស្លាកលេខ និងបិទឡូហ្គោនគរបាល ដើម្បីគេចផុតពីការបង់ពន្ធនាំចូល និងបង់ពន្ធផ្លូវ។

ការសម្រេចចុះបញ្ជីយានយន្តដែលទិញដោយលុយបុគ្គលឯកជន ទៅជាទ្រព្យសម្បត្តិរបស់រដ្ឋដើម្បីគេចផុតពីការបង់ពន្ធនេះ គេមិនដឹងថា មានម្ចាស់កម្មសិទ្ធិយានយន្តអត់ពន្ធប៉ុន្មានគ្រឿងនោះទេ ដែលហ៊ានធ្វើដូច្នេះ ព្រោះនៅពេលដែលចុះបញ្ជីជាទ្រព្យសម្បត្តិរបស់រដ្ឋហើយ ម្ចាស់កម្មសិទ្ធិ មានសិទ្ធិត្រឹមប្រើប្រាស់តែប៉ុណ្ណោះ មិនមានសិទ្ធិលក់ដូរនោះឡើយ មានន័យថា ទ្រព្យសម្បត្តិឯកជន ទិញលុយខ្លួនឯងខ្លះអស់រាប់ពាន់រាប់ម៉ឺន ខ្លះអស់រាប់សែនដុល្លារ បែរជាយកទៅប្រគល់ឲ្យរដ្ឋ តើមានម្ចាស់យានយន្តប៉ុន្មាននាក់ ដែលហ៊ានបរិច្ចាគបែបនេះ ឬមួយមានករណីពិសេសផ្ទៃក្នុង?

ប្រសិនបើមានករណីពិសេសមែននោះ ក្រសួងផ្សេងៗគេក៏អាចធ្វើបានដូចគ្នា ហើយដល់ពេលនោះភាពអនាធិបតេយ្យរថយន្តអត់ពន្ធទៅជ្រក ក្រោមស្ថាប័ននានា ច្បាស់ជាកើតឡើងវិញដដែលជាដដែល ហើយចំណូលពន្ធក៏បាត់ ប្រាក់ខែមន្ត្រីរាជការក៏ឡើងយឺត។

ដូច្នេះមុននឹងឯកភាពតាម ឬយ៉ាងណានោះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាពិសេសប្រមុខរាជរដ្ឋាភិបាល គួរត្រួតពិនិត្យឲ្យបានល្អិតល្អន់ ថាតើពិតជាចុះក្នុងបញ្ជីទ្រព្យសម្បត្តិរដ្ឋពិតប្រាកដមែន ឬអត់? ប្រយ័ត្នករណីឃើញភួយធំ បន្លំចូលដណ្ដប់៕