(ភ្នំពេញ)៖ ក្រុមហ៊ុនបារាំងលេចធ្លោចំនួន៤ ដែលបានរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា ប្រកបដោយចីរភាព នឹងត្រូវទទួលបានពានរង្វាន់ ផ្នែកទទួលខុសត្រូវសង្គម។

ការប្រគល់ពានរង្វាន់នេះ នឹងត្រូវប្រព្រឹត្តទៅ នាថ្ងៃសៅរ៍ ទី២៦ ឆ្នាំ២០១៦ វេលាម៉ោង៦៖០០នាទីល្ងាច នៅសណ្ឋានគាសូហ្វីតែល ភ្នំពេញ ក្រោមអធិបតីភាព លោក សុខ ចិន្ដាសោភា រដ្ឋមន្ត្រីប្រតិភូ​អមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក ហ្សង់-ក្លូដ ពាំបឺហ្វ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា នេះបើតាមសេចក្តីជូនដំណឹងរ បស់ស្ថានទូតបារាំងប្រចាំកម្ពុជា។

បើតាមសេចក្តីជូនដំណឹង ការប្រឡងប្រណាំពានរង្វាន់ទទួលខុសត្រូវផ្នែកសង្គមនេះ ត្រូវបានរៀបចំឡើងជាលើកទី១នៅកម្ពុជា ដោយក្រុមទីប្រឹក្សាពាណិជ្ជកម្ម ក្រៅប្រទេសបារាំងនៅកម្ពុជា ដែលជា​បណ្ដាញ​សហគ្រិន និងធុរជនបារាំង បំពេញការងារនៅតាមក្រុមហ៊ុនតូចធំនានា ក្នុងគោលបំណងលើកស្ទួយ ការអនុវត្តល្អៗរបស់ក្រុមហ៊ុនបារាំង នៅប្រទេសកម្ពុជា ក៏ដូចជាលើកកម្ពស់ការ​អនុវត្ត​ទាំងនេះ នៅក្នុងចំណោមសហគមន៍ធុរកិច្ច សកម្មផ្សេងៗទៀតផងដែរ៕