(ក្រុងឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron បាននិយាយថា លោកនឹងធ្វើជាប្រធាននៅក្នុងកិច្ចប្រជុំបន្ទាន់​មួយ​ (COBRA) នៅព្រឹកថ្ងៃនេះ (ម៉ោងនៅអង់គ្លេស) ដើម្បីពិ​ភាក្សាទៅ​លើករណីភេរវកម្ម នៅក្នុងទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក នេះបើយោងតាមការចេញផ្សាយរបស់ BBC នៅមុននេះបន្ដិច។

នាយករដ្ឋមន្ត្រីរូបនេះ បានថ្លែងឲ្យដឹងថា លោកមានការភ្ញាក់ផ្អើល និងរន្ធត់ក្នុងចិត្តយ៉ាងខ្លាំង នៅពេលទទួលដឹងអំពីការ​បំផ្ទុះគ្រាប់បែកនៅ អាកាសយានដ្ឋានកណ្ដាលទីក្រុងព្រុចសែល ដែលបណ្ដាល​ឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់ ហើយលោកសន្យាថា នឹងធ្វីគ្រប់យ៉ាង ដើម្បីជួយដល់ប្រទេសប៊ែលហ្សិក។

ជាមួយគ្នានេះដែរ រាល់កិច្ចប្រជុំរបស់សហភាពអឺរ៉ុប​នៅការិយាល័យនៃ​ទីស្នាក់​ការ​របស់សហភាពអឺរ៉ុប (EU) ក្នុងទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក ត្រូវបានលុបចោល ក្រោយពីមានករណីបំផ្ទុះ​គ្រាប់បែក​នៅអាកាស​យានដ្ឋាន​កណ្ដាលទីក្រុងព្រុចសែល។

គួរបញ្ជាក់ផងដែរថា រាល់ប្រតិបត្តិការទាំងអស់នៅអាកាសយានដ្ឋាន Brussels Airport និងស្ថានីយ៍រថភ្លើងក្រោមដី នៅទីក្រុងព្រុចសែល ត្រូវបានផ្អាកជាបណ្តោះអាសន្ន នេះបើយោងតាម​អាជ្ញាធរឲ្យដឹង​យ៉ាងដូច្នេះ៕