(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញមនុស្សម្នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ដែលជាអ្នកធ្វើដំណើរមកពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅគោលដៅចំណុចព្រំប្រទល់ខេត្តស្ទឹងត្រែង-ខេត្តព្រះវិហារ។

ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តស្ទឹងត្រែង បញ្ជាក់ថា អ្នកជំងឺកូវីដ១៩នេះ ឈ្មោះ រុន ចាន់ហេត ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិអូរឫស្សីលើ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ដោយត្រូវធ្វើដំណើរមកស្ទឹងត្រែង ដើម្បីដឹកជញ្ជូនគ្រឿងចក្រមកដាក់នៅសាខាចែកចាយ។

ដោយឡែក អ្នករួមដំណើរក្នុងរថយន្ដជាមួយមានចំនួន២នាក់ ជាប្រពន្ធ និងកូន ហើយក្រុមគ្រូពេទ្យបានយកសំណាកវត្ថុវិភាគរកជំងឺកូវីដ១៩ ដោយឧបករណ៍តេស្ដរហ័ស ជាលទ្ធផលដំបូង គឺអវិជ្ជមាន បានដាក់ឲ្យសម្រាកនៅមណ្ឌលចត្តាឡីស័កក្រុងស្ទឹងត្រែង ដើម្បីបន្ដតាមដានសុខភាពតាមបច្ចេកទេសសុខាភិបាល៕