(ភ្នំពេញ)៖ ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានជូនដំណឹងថា រដ្ឋាភិបាលឡាវ បានបន្តបិទខ្ទប់រដ្ឋធានីវៀងច័ន្ទរយៈពេល ១៤ ថ្ងៃបន្ថែមទៀត គិតចាប់ពីថ្ងៃទី ២០ ខែមិថុនា ដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ ២០២១ ក្រោយពីករណីឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍មិនទាន់ស្រាកស្រាន្ត។

ក្នុងស្ថានភាពនេះ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឡាវ បានជម្រាបជូនប្រជាពលរដ្ឋ ពលករ និងនិស្សិតខ្មែរទាំងអស់ ដែលកំពុងរស់នៅប្រកបអាជីវកម្មរកស៊ី ធ្វើការងារ និងសិក្សានៅប្រទេសឡាវ ឱ្យមានការប្រុងប្រយ័ត្ន និងអនុវត្តវិធានការសុខាភិបាលដែលដាក់ចេញដោយរដ្ឋាភិបាលឡាវ។

ជាមួយគ្នានេះ ស្ថានទូតក៏បានបញ្ជាក់ដែរថា ក្នុងការបន្តបិទខ្ទប់រដ្ឋធានីវៀងច័ន្ទ រយៈពេល១៤ថ្ងៃបន្ថែមទៀតនេះ រដ្ឋាភិបាលឡាវ បានបន្ដបន្ថយវិធានការមួយចំនួន ដូចមានខ្លឹមសារខាងក្រោម៖

១៖ បន្តបិទកន្លែងស៊ីផឹក កាស៊ីណូ ការ៉ាអូខេ កន្លែងកំសាន្ត កន្លែងម៉ាស្សា មណ្ឌលកីឡាគ្រប់ប្រភេទ ហាមលក់
គ្រឿងស្រវឹង ហាមជួបជុំគ្នាលើសពី៥០នាក់ ហាមមិនឲ្យពលរដ្ឋដែលមិនទាន់បានទទួលចាក់វ៉ាក់សាំង
កូវីដ-១៩ ធ្វើដំណើរតាមរថយន្ត និងជិះយន្តហោះ និងហាមចេញ-ចូលតំបន់ក្រហម។

២៖ អនុញ្ញាតឲ្យបើកដំណើរការពាណិជ្ជកម្ម ផ្សារទំនើប ផ្សារលក់ដុំ និងលក់រាយ កន្លែងដើរហាត់ប្រាណ ទូក
នេសាទ ភោជនីយដ្ឋានម្ហូបអាហារ ហាងកាហ្វេ(អាចចូលអង្គុយបាន) រមណីយដ្ឋានទេសចរណ៍ និង
ហាងកាត់សក់កែសម្ផស្ស ។

៣៖ អនុញ្ញាតឲ្យមានកិច្ចប្រជុំ បើកសាលារៀននៅតំបន់ពុំមានការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ អាចធ្វើ
ដំណើរចេញ-ចូលបានក្នុងតំបន់ មិនមែនជាតំបន់ក្រហម។

៤៖ អាចធ្វើដំណើរឆ្លងខេត្តបានតាមរថយន្ត ចំពោះអ្នកដែលបានទទួលវ៉ាក់សាំងកូវីដ-១៩ ចំនួនពីរដូសរួចហើយ។ រថយន្តដឹកទំនិញមិនចាំបាច់ធ្វើចត្តាឡីស័ក និងបើកចេញចូលក្រុងបាន។

សូមរំលឹកផងដែរថា គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅប្រទេសទ្បាវ បានកើនឡើងដល់ ២,០៥៣ នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន៣នាក់ និងជាសះស្បើយ ១៩៤៤នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer៕