(ព្រៃវែង)៖ មកដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ អស់រយៈពេលជាង១សប្ដាហ៍ ដែលកើតករណីគ្រោះថ្នាក់ចរាចរណ៍ ហ្វូងក្របីផ្អើលរត់ចូលរថយន្ដដឹកត្រីមួយគ្រឿង បណ្ដាលឲ្យងាប់២ក្បាលនៅកន្លែងកើតហេតុ ស្ថិតក្នុងភូមិព្រៃកណ្ដៀង ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ខេត្តព្រៃវែង សមត្ថកិច្ចមិនទាន់អនុញ្ញាតឲ្យម្ចាស់រថយន្ដយករថយន្ដនោះចេញទៅវិញនៅឡើយទេ ពោលនៅរក្សាទុកដើម្បីដោះស្រាយតាមផ្លូវច្បាប់។

ម្ចាស់រថយន្ដដឹកត្រី ដែលពេលកើតហេតុមានត្រីលើនោះ ចំនួន៨តោន ហើយដោយសមត្ថកិច្ចឃាត់ទុកមិនទាន់ឲ្យផ្ទេរទៅរថយន្ដផ្សេងៗភ្លាម ធ្វើឲ្យត្រីងាប់ជាង៥តោន បានអះអាងថា ករណីហ្វូងក្របីផ្អើលរត់ឆ្លងផ្លូវ ចូលរថយន្ដរបស់គាត់នោះ ម្ចាស់ក្របីនៅរក្សាជំហរប្ដឹងទាមទារសំណងពីខ្លួន ចំនួន៣លានរៀល ខណៈពេលកើតហេតុដំបូង ប្ដឹងទាមទាររហូតដល់៥,០០០ដុល្លារឯណោះ។

ករណីនេះមិនទាន់បានត្រូវដោះស្រាយបញ្ចប់នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៅឡើយទេ ហើយត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនសំណុំរឿងទៅកាន់សាលាដំបូងខេត្តព្រៃវែង ដើម្បីដោះស្រាយតាមនីតិវិធី ក្រោយភាគីទាំងសងខាងសម្របសម្រួលគ្នាមិនត្រូវ។

ស្នងការរងទទួលដឹកនាំការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង លោក អ៊ុ ប៉ូលីន បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះថា ករណីនេះសមត្ថកិច្ចនៅរក្សាទុកមធ្យោបាយដដែល ដោយហេតុថា ភាគីទាំងសងខាង មិនទាន់ព្រមព្រៀងគ្នានៅឡើយ។ សំណុំរឿងនេះត្រូវបានបញ្ជូនទៅតុលាការ ២-៣ថ្ងៃមកហើយ។

លោកបន្ដទៀតថា សំណុំរឿងនេះផុតដៃសមត្ថកិច្ចជំនាញហើយ ព្រោះបានបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រៃវែង ដូច្នេះសិទ្ធិសម្រេចក្នុងការអនុញ្ញាតឲ្យរថយន្ដទៅម្ចាស់វិញ គឺជាឆន្ទានុសិទ្ធិរបស់តុលាការ មិនមែនជាការសម្រេចរបស់នគរបាលនោះឡើយ។ លោកបន្ថែមទៀតថា នៅក្នុងពាក្យបណ្ដឹងម្ចាស់ក្របី បានប្ដឹងទាមទារសំណង១លាន២០ម៉ឺនរៀល ពីខាងភាគីរថយន្ដ។

យ៉ាងណាមិញ ភាគីខាងម្ចាស់រថយន្ដក៏បានបង្ហាញនូវការមិនអស់ចិត្តជុំវិញករណីនេះផងដែរ ដោយប្រកាន់ជំហរថា ខាងរថយន្ដមិនខុសនោះទេ ព្រោះនៅពេលកើតហេតុហ្វូងក្របីនេះ ផ្អើលចូលរថយន្ដរបស់លោក ដែលកំពុងបើកបរតាមដងផ្លូវ ហេតុអ្វីបានជាម្ចាស់ក្របីមកប្ដឹងទាមទារឲ្យលោកសងសំណងទៅវិញ។

ម្ចាស់រថយន្ដក៏បានស្នើសុំដល់សមត្ថកិច្ចមេត្តាជួយពន្លឿននីតិវិធី ក្នុងការដោះស្រាយករណីនេះផង ព្រោះមិនបានប៉ះពាល់ដល់អាយុជីវិតមនុស្សនោះឡើយ។ លោកថា ការរក្សាទុករថយន្ដរបស់លោកយូរបែបនេះ ធ្វើឲ្យលោកខាតបង់ប្រាក់កាក់ក្នុងការរកស៉ី។

សូមជម្រាបថា ក្របីមួយហ្វូងប្រមាណ៥០ក្បាល ផ្អើលរត់ចូលរថយន្ដធុនធំដឹកត្រីមួយគ្រឿង បណ្ដាលឲ្យក្របីងាប់ពីរក្បាលនៅកន្លែងកើតហេតុ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២រសៀល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ចំណុចភូមិព្រែកណ្តៀង ឃុំព្រែកកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។ ភ្លាមៗក្រោយកើតហេតុ ម្ចាស់ក្របីបានប្ដឹងទៅសមត្ថកិច្ចមូលដ្ឋានឲ្យឃាត់រថយន្ដដឹកត្រីខាងលើ ដើម្បីឲ្យម្ចាស់រថយន្ដដោះស្រាយជាមួយខ្លួន ក្រោយបុកក្របីរបស់គាត់ដែលរត់តាមផ្លូវ។ សមត្ថកិច្ចក្រោយទទួលបានពាក្យបណ្ដឹង ក៏បានឃាត់រថយន្ដនោះ ដែលកំពុងដឹកត្រីប្រមាណជាង៨តោន។

ពេលនេះម្ចាស់ក្របីបានប្ដឹងទាមទារនូវសំណង ចំនួន៥,០០០ដុល្លារ ពីភាគីខាងរថយន្ដ។ ដោយសារត្រីជាច្រើនតោន នៅលើរថយន្ដនោះ ម្ចាស់រថយន្ដបានស្នើសុំដើម្បីផ្ទេរត្រីទៅរថយន្ដផ្សេង ប៉ុន្ដែមិនត្រូវបានសមត្ថកិច្ចអនុញ្ញាតភា្លមៗនោះទេ។

រហូតដល់វេលាម៉ោង ៨យប់ថ្ងៃដដែល ដោយខ្លាចខូចត្រីទើបម្ចាស់រថយន្ដសម្រេចចិត្ត តម្កល់លុយចំនួន២០០០ដុល្លារ ដើម្បីសុំយករថយន្ដចេញ ប៉ុន្ដែមិនត្រូវបានអនុញ្ញាតនោះឡើយ ជាហេតុធ្វើឲ្យត្រីនៅលើរថយន្ដនោះប្រមាណ៥-៦តោនងាប់ និងខូចខាតគិតជាទឹកប្រាក់ចូលខ្ទង់ម៉ឺនដុល្លារ ដោយសារតែការយឺតយ៉ាងក្នុងការផ្ទេរទៅរថយន្ដផ្សេង។

ភាគីខាងម្ចាស់រថយន្ដដឹកត្រី បានសម្ដែងនូវការខកចិត្តចំពោះដំណោះស្រាយរបស់សមត្ថកិច្ចមូលដ្ឋាន ដោយមិនអាចឲ្យគាត់ផ្ទេរទំនិញទៅឡានផ្សេងភ្លាម ជាហេតុនាំឲ្យមានការខូចខាត ហើយមិនមានអ្នកណាទទួលខុសត្រូវ ខណៈរថយន្ដរបស់គាត់កំពុងបើកតាមផ្លូវ ហើយហ្វូងក្របីផ្អើលរត់ចូល។

ប៉ុន្ដែជាការកត់សម្គាល់ក្នុងករណីសត្វពាហនៈដើរតាមផ្លូវ ហើយរត់ចូលរថយន្ដរបស់អ្នកធ្វើដំណើរ មិនសូវឃើញម្ចាស់សត្វចេញមុខមកអះអាងនោះទេ ក្នុងករណីរថយន្ដនោះរងនូវការខូចខាត ពិសេសរថយន្ដស៊េរីទំនើបៗ។ ខណៈករណីនេះ ស្រាប់តែម្ចាស់ក្របីចេញមុខប្ដឹងភាគីរថយន្ដ ឲ្យសងសំណងចំពោះការងាប់ក្របីរបស់ខ្លួនទៅវិញ ខណៈក្របីនេះផ្អើលរត់ចូលឡានគេកំពុងធ្វើដំណើរសោះ៕