(ភ្នំពេញ)៖ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បានស្វាគមន៍ ចំពោះការអនុម័តរបស់មូលនិធិបរិស្ថានសកល (GEF) លើគម្រោងដែលដឹកនាំការអនុវត្ត ដោយអង្គការ FAO នៅក្នុងប្រទេសចំនួន៨ ដែលមានថវិកាសរុបប្រមាណជាង៤៦.៦លានដុល្លារអាមេរិក។

ការអនុម័តនេះបានធ្វើឡើង ក្នុងអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃមូលនិធិបរិស្ថានសកល (GEF) លើកទី៦០ និងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិ សម្រាប់ប្រទេសដែលមានការ អភិវឌ្ឍន៍តិចតួចលើកទី៣០របស់ GEF។

គម្រោងចុងក្រោយទាំងនេះ នឹងផ្តោតលើការគាំទ្រ និងការដោះស្រាយបញ្ហាប្រឈម លើវិសយយបរិស្ថានសំខាន់ៗដូចជា ការសឹករិចរិលដី ការបាត់បង់ជីវចម្រុះ ការនេសាទគ្មាន និរន្តរភាព និងការប្រែប្រួលអាកាសធាតុដែលបាននឹងកំពុងគំរាមកំហែងដល់សន្តិសុខស្បៀង និងជីវភាពរស់នៅរបស់ប្រជាជនរាប់រយពាន់នាក់នៅក្នុងតំបន់អាស៊ី និងអាហ្វ្រិក។

គម្រោងទាំងនេះនឹងត្រូវបានអនុវត្ត ក្នុងភាពជាដៃគូ និងសហហិរញ្ញប្បទានដោយរដ្ឋាភិបាលនៃ ប្រទេសជាសមាជិកដូចជា កម្ពុជា កាមេរូន អេរីទ្រា ឡេសូថូ (Lesotho) ម៉ាឡេស៊ី សេណេហ្កាល់ ថៃឡង់ដ៍ និងវៀតណាម។

លោក QU Dongyu អគ្គនាយកនៃអង្គការ FAO បានថ្លែងថា «គម្រោងទាំងនេះត្រូវបានស្វាគមន៍ ជាពិសេសបន្ទាប់ ពីការសម្ពោធនៃគំនិតផ្តួចផ្តើមស្តីពី ទសវត្សនៃអង្គការសហប្រជាជាតិស្តីពី ការស្តារប្រព័ន្ធអេកូឡូស៊ី វាចាំបាច់ណាស់ដែលត្រូវចាត់វិធានការឥឡូវនេះ ដើម្បីកែរលម្អររប្រព័ន្ធធម្មជាតិនៅលើដី និងទឹកដែលយើងពឹងផ្អែក ដើម្បីសម្រេចបាននូវផលិតកម្ម អាហារូបត្ថម្ភ បរិស្ថាន និងជីវិតដ៏ល្អប្រសើរមួយ»

គម្រោងដែលត្រូវបានអនុម័តដោយ GEF នឹងជួយគាំទ្រដល់ប្រទេសទាំង ៨ និងសហគមន៍របស់ពួកគេក្នុងការជ្រើសយកការអនុវត្តប្រកបដោយនិរន្តរភាព និងធន់ទៅនឹងអាកាសធាតុ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ ព្រមទាំងបង្កើតគោលនយោបាយដែលកាន់តែរឹងមាំ ដើម្បីអភិរក្សជីវចម្រុះ និងទប់ស្កាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៌ និងគ្មានការអនុញ្ញាត (IUU)។

គម្រោងទាំងនេះ នឹងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់ប្រជាជនចំនួន ៤៤១,៥០០នាក់ និងស្តារឡើងវិញនូវផែនទេសភាពដែលបានសិករិចរិលប្រមាណជាង ២៧,០០០ ហិកតា។ គម្រោងទាំងនេះ ក៏នឹងបង្កើតនូវតំបន់ការពារថ្មីលើដីនិងសមុទ្រចំនួន ៣០,០០០ ហិកតា និងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងលើផែនទេសភាពប្រមាណជាង ៧៦៥,០០០ ហិកតា និងជម្រកត្រីនិងសត្វសមុទ្រ ៤ លានហិកតាថែមទៀត។

សកម្មភាពដែលត្រូវបានរៀបចំឡើងនៅក្នុងគម្រោង នឹងរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ប្រមាណ ៦,៨ លានតោន និងប្រែក្លាយស្តុកត្រីដែលបានកំពុងនេសាទហួសកំរិតចំនួន ៥៤៧,៣៩៣ តោនវិលទៅកាន់កម្រិតមួយដែលមាននិរន្តរភាពឡើងវិញ។

ក្នុងចំណោមគម្រោងដែលដឹកនាំ ដោយអង្គការ FAO ទាំងអស់ មានគម្រោងដែលនឹងត្រូវអនុវត្ត ក្នុងតំបន់ឈូងសមុទ្រថៃ ដើម្បីជំរុញការគ្រប់គ្រងធនធានជលផល ប្រកបដោយនិរន្តរភាពនៅប្រទេសកម្ពុជា ម៉ាឡេស៊ី ថៃ និង វៀតណាម។

តាមរយៈការអនុវត្តវិធីសាស្រ្ត ប្រព័ន្ធអេកូឡូស៊ីគិតគូរដល់វិស័យជលផល និងពង្រឹងអភិបាលកិច្ចលើវិស័យជលផល គម្រោងទាំងនេះនឹងជួយ ដល់ការអភិរក្សជីវចម្រុះសមុទ្រ និងកាត់បន្ថយការនេសាទហួសកម្រិត ខណៈជួយទ្រទ្រង់ដល់និរន្តភាពនៃជីវភាពរបស់ប្រជានេសាទ។

គម្រោងចំនួនបួនដែលត្រូវបានអនុម័តសម្រាប់ទ្វីបអាហ្វ្រិក នឹងចូលរួមដោះស្រាយការគំរាមកំហែងនៃការប្រែប្រួលអាកាសធាតុ និងការសឹករិចរិលដី ដើម្បីបង្កើនភាពធន់ទៅនឹងអាកាសធាតុរបស់សហគមន៍ ការពារធនធានធម្មជាតិ និងពង្រឹងខ្សែច្រវាក់តម្លៃកសិកម្ម ដើម្បីលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជននៅតាមជនបទ។

ចាប់តាំងពីខែធ្នូឆ្នាំ ២០១៨ អង្គការ FAO បានកៀរគរថវិកាប្រមាណជាង ៥៥០ លានដុល្លារអាមេរិកពីមូលនិធិ បរិស្ថានសកល (GEF) សម្រាប់ប្រទេសជាសមាជិក បូករួមទាំងគម្រោងចុងក្រោយទាំងនេះ ដែលធ្វើឱ្យអង្គការ FAO ក្លាយជាទីភ្នាក់ងារកំពូលមួយន្នុងចំណាមភ្នាក់ងារកំពូលទាំង ៤ របស់ GEF នៅទូទាំងពិភពលោក៕