(ភ្នំពេញ)៖ គម្រោងសាងសង់ស្ថានីយ៍បូមទឹកមុខ CDC ជាប់ដងទន្លេសាប ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន ការស្ថាបនាមកដល់ពេលនេះ សម្រេចបាន៩៥ភាគរយហើយ គ្រោងបញ្ចប់នៅខែសីហា ឆ្នាំ២០២១នេះ ដែលអាចបូមរំដោះទឹកភ្លៀងចេញពីតំបន់ផ្នែកខាងជើងវត្តភ្នំ និងខាងកើតមហាវិថីព្រះមុនីវង្ស រហូតដល់ស្ពានជ្រោយចង្វា។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរ សាធារណការ និង ដឹក ជញ្ជូន រាជធានី ភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះថា គម្រោងសាងសង់ស្ថានីយ៍បូមទឹកមុខ CDC ដែលជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន (ទីភ្នាក់ងារអភិវឌ្ឍន៌អន្តរជាតិជប៉ន JICA ហៅ ចៃកា) ក្រុមការងារ បានអនុវត្តការងារ ជិតរួចរាល់ហើយ ពោលគឺមិនដល់២ខែទៀតទេ ស្ថានីយ៍បូមទឹកមួយនេះ នឹងរួចរាល់ជាស្ថាពរ ដោយគិតត្រឹមថ្ងៃទី១៨ មិថុនានេះ ការងារខួងដាក់បំពង់លូ ស្តុកយកទឹកកខ្វក់ពីស្ថានីយ៍បូមទឹកមុខ CDC នេះ ដល់ផ្លូវលេខ៧០ មានទំហំមុខកាត់៨០០មីល្លីម៉ែត្រ ប្រវែង១,៥៤០ម៉ែត្រ សាងសង់រួច១០០ភាគរយហើយ។

ការងារសាងសង់អាងស្តុកក្រោមដី មុខ CDC មានចំណុះ ៦,៥០០ម៉ែត្រគូប។ ការងារសាងសង់ស្ថានីបូមទឹក មានសមត្ថភាព ១,៤ម៉ែត្រគូប ក្នុង១វិនាទី។

លោក សាំ ពិសិដ្ឋ បានបញ្ជាក់ទៀតថា ស្ថានីយបូមទឹកមុខ CDC បានចាប់ដំណើរការសាងសង់ ពីខែមិថុនា ឆ្នាំ២០១៩ សម្រេចបាន៩៥ភាគរយហើយ គ្រោងបញ្ចប់នៅខែសីហាឆ្នាំ២០២១។ លោកបន្តថា ស្ថានីយនេះ អាចបូមរំដោះទឹកភ្លៀងចេញពីតំបន់ផ្នែកខាងជើងវត្តភ្នំ និងកើតមហាវិថីព្រះមុនីវង្ស រហូតដល់ស្ពានជ្រោយចង្វា។

ស្ថានីយ៍បូមទឹកមុខ CDC គឺជាស្ថានីយបូមទឹកមួយស្ថិត ក្នុងគម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូជំហានទី៤របស់ទីភ្នាក់ងារអភិវឌ្ឍន៌អន្តរជាតិជប៉ន ហៅ ចៃការ JICA ប្រទេសជប៉ុនផងដែរ។

គួរបញ្ជាក់ថា គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូជំហានទី៤ ក្នុងរាជធានីភ្នំពេញ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី០៤របស់ចៃកានេះ មានទឹកប្រាក់ សរុបប្រមាណ ៣៦លានដុល្លារ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលគម្រោងនេះ រួមមានការសាងសង់អាងស្តុកទឹកក្រោមដី ស្ថានីយបូមទឹករបារ ត្រង់សំរាមមេកានិចស្វ័យប្រវត្តិ រថយន្តបំពាក់ម៉ាស៊ីនបូមទឹក។

ក្នុងនោះ ការសាងសង់ធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធប្រឡាយលូក្នុងតំបន់ខាងជើងវត្តភ្នំធ្វើឲ្យប្រសើរឡើង នូវប្រព័ន្ធប្រឡាយលូក្នុងតំបន់ ខណ្ឌទួលគោកជាដើម៕