(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់អំពីការរកឃើញ និងបង្ហាញអត្ដសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៤០នាក់បន្ថែមទៀត ដែលក្នុងនោះសុទ្ធតែអ្នកពាក់ព័ន្ធជាមួយកម្មករ កម្មការិនីរោងចក្រ។

អ្នកដែលទើបរកឃើញឆ្លងជំងឺកូវីដ១៩ ទាំង៤០នាក់នេះ មាននៅស្រុកចំការលើ ចំនួន២នាក់, ស្រុកបាធាយ ចំនួន១៤នាក់ និងស្រុកកងមាស ចំនួន២៤នាក់។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម បានអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺកូវីដ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ 070 828 788 / 012 736 755។

បន្ថែមពីនេះ រដ្ឋបាលខេត្តកំពង់ចាម ក៏នៅតែអំពាវនាវបន្ដទៀតដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្ដអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» និងត្រូវកែប្រែទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ៕