(ភ្នំពេញ)៖ គណៈកម្មការជំនាញរដ្ឋសភា នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដោយបានលើកយកសេចក្តីព្រាងច្បាប់ចំនួន២ ដើម្បីពិភាក្សាគ្នា រួមមាន៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូរសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ និងសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មមាត្រា១៨ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មមាត្រា១៨ នៃច្បាប់ស្តីពីសវនកម្ម នៃព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា សហការជាមួយគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា និងលោក នឹម ច័ន្ទតារា លេខាធិការគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា ដោយមានការចូលរួមពីលោក លោកស្រីអនុប្រធាន លេខាធិការ និងសមាជិក សមាជិកាគណៈកម្មការជំនាញនានា។

ចំណែកភាគីរាជរដ្ឋាភិបាលរួមមាន៖ លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ចកម្ម និងលោកស្រី សោម គឹមសួគ៌ អគ្គសវនករនៃអជ្ញាធរសវនកម្មជាតិ តំណាងរាជរដ្ឋាភិបាលការពារសេចក្តីព្រាងច្បាប់ទាំងពីរនេះ ដែលផ្សាយចេញពីសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា ទៅកាន់ក្រសួងពាក់ព័ន្ធ តាមប្រព័ន្ធវីដេអូ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូរសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ គឺជាកិច្ចព្រមព្រៀងភាពជាដែគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ដែលតទៅនេះ ហៅកាត់ថាកិច្ចព្រមព្រៀងអាសិប (Regional Comprehensive Economic Partnership RCEP) ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី តំបន់ ដើមឡើយមានប្រទេសចូលរួមចរចាចំនួន១៦ រួមមាន៖ ប្រទេសសមាជិកអាស៊ានទាំង១០ និងប្រទេសដៃគូរពាណិជ្ជកម្មសេរី អាស៊ានចំនួន៦ ដូចជា៖ ប្រទេសអូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និង ណូវែលហ្សេឡង់។ បន្ទាប់មកទៀត ដោយសារបញ្ហាផ្ទៃក្នុងរបស់ខ្លួនឥណ្ឌា បានប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងអាសិប ក្នុងកិច្ចប្រជុំកំពូលអាសិបលើកទី៣ កាលពីឆ្នាំ២០១៩ នៅប្រទេសថៃ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបន្ថែមថា កិច្ចព្រមនេះត្រូវបានរចនាឡើង ដើម្បីសម្រេចបាននូវគោលបំណងដោយវិធីសាស្រ្តមួយចំនួន ដូចជាតាមរយៈភាពទន់ភ្លន់ដែលសមស្រប និងបទប្បញ្ញត្តិសម្រាប់ប្រព្រឹត្តកម្មពិសេស ជាពិសេសសម្រាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម និងភាពទន់ភ្លន់បន្ថែម សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច។ លើសពីនេះទៀតកិច្ចព្រមព្រៀងអាសិប បញ្ចូលនូវកិច្ចសហប្រតិបត្តិការបច្ចេកទេស និងការកសាងសមត្ថភាព ដើម្បីអនុវត្តន៍កាត្វកិច្ចនៅក្នុងកិច្ចព្រមព្រៀង និងទាញយកផលប្រយោជន៍ឱ្យបានជាអតិបរមា។ កិច្ចព្រមព្រៀងអាសិប ក៏បានបញ្ចូលនៅបទប្បញ្ញត្តិ ដែលធានាថាប្រទេសចូលរួមចរចាទោះបីសេដ្ឋកិច្ច និងទំហំអាជីវកម្មខុសៗគ្នាក៏ដោយអាចទទួលបានអត្ថប្រយោជន៍ពីពាណិជ្ជកម្ម។

ដោយឡែកសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មមាត្រា១៨ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មមាត្រា១៨ នៃច្បាប់ស្តីពីសវនកម្ម នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានលោកស្រី សោម គឹមសួគ៌ អគ្គសវនករនៃអជ្ញាធរសវនកម្មជាតិ បានពន្យល់ថាសេចក្តីព្រាងច្បាប់នេះរៀបចំឡើង ក្នុងគោលបំណងបើកផ្លូវឱ្យមានការតែងតាំងអគ្គសវនករ និងអគ្គសវនកររងថ្មី នៅពេលដែលអណត្តិ៥ឆ្នាំ ត្រូវបានបញ្ចប់ដើម្បីទទួលស្គាល់គុណវុឌ្ឍិ ស្នាដៃ បទពិសោធ សមត្ថភាព កិច្ចសហប្រតិបត្តិការ និងការទទួលខុសត្រូវខ្ពស់លើការដឹកនាំអាជ្ញាធរសវនកម្មជាតិ ក្នុងការបំពេញតួនាទីរបស់ខ្លួនដូចមានចែងក្នុងច្បាប់ស្តីពីសវនកម្ម នៃព្រះរាជាណាចក្រកម្ពុជា។

ក្រោយពីស្តាប់ការពន្យល់ពីតំណាងរដ្ឋាភិបាលបានបកស្រាយពីអត្ថប្រយោជន៍នៃសេចក្តីព្រាងច្បាប់ទាំងពីរគណៈជំនាញរបស់រដ្ឋសភា បានចោទជាសំនួរ និងមានការបកស្រាយពីខាងតំំណាងរដ្ឋាភិបាល ហើយអង្គប្រជុំបានឯកភាពគ្នាដោយរក្សាទម្រង់អត្ថទបនៃសេចក្តីព្រាងច្បាប់ទាំងពីរឱ្យនៅដែល ដោយគ្រាន់តែកែសម្រូលអក្ខវារុទ្ធឱ្យត្រឹមត្រូវតាមអត្ថបទច្បាប់៕