(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានសម្រេចហាមឃាត់ការចែកចាយលក់ និងធ្វើតេស្តរហ័សរកអង់ទីគ័រការពារជំងឺកូវីដ-១៩ តាមរយៈឧបករណ៍ធ្វើតេស្តដែគ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២១ ខែមិថុនានេះ។

ក្រសួងសុខាភិបាលបញ្ជាក់ឲ្យដឹងថា មានគណនីហ្វេសប៊ុកចំនួន៤ គឺ១-បងប្រុស ទីពីរ, ២-Leng Kuchnika Pol, ៣-Srey Nit, ៤. TMS-Trust
Medical Services បាននិងកំពុងផ្សព្វផ្សាយលក់តេស្តរហ័ស រកអង់ទីគ័រការពារជំងឺកូវីដ-១៩ គ្មានលេខបញ្ជិកា និងពុំមានការទទួលស្គាល់ពីក្រសួងសុខាភិបាល និងក៏មានសេវាសុខាភិបាលឯកជនមួយចំនួនទៀត ក៏កំពុងយកឧបករណ៍ទាំងនេះ ទៅធ្វើតេស្តជូនប្រជាពលរដ្ឋយ៉ាងអនាធិបតេយ្យ។

ក្រសួងសុខាភិបាល សូមជម្រាបជូនដល់សាធារណជនទាំងអស់ជ្រាបថា តេស្តរហ័សរកអង់ទីគ័រការពារជំងឺកូវីដ-១៩ ដែលកំពុងចរាចរខាងលើនេះ គឺពុំមានការចុះបញ្ជិកាពីក្រសួងសុខាភិបាលនៅឡើយ ហើយក៏ពុំទាន់មានការទទួលស្គាល់ ពីអង្គការសុខភាពពិភពលោក (WHO) នៅឡើយដែរ ហើយលទ្ធផលដែលបានមកពីការប្រើប្រាស់តេស្តទាំងនេះ គឺមិនអាចជឿជាក់បានឡើយ។

សេចក្តីប្រកាសព័ត៌មានសង្កត់ធ្ងន់ថា «ក្រសួងសុខាភិបាល តម្រូវឱ្យបុគ្គលទាំងអស់ និងម្ចាស់សេវាសុខាភិបាលឯកជនទាំងអស់ ត្រូវបញ្ឈប់ការផ្សព្វផ្សាយ ឬលក់ ឬប្រើប្រាស់តេស្តរហ័សទាំងនេះជាបន្ទាន់»

ដើម្បីជៀសវាងនូវការខាតបង់ប្រាក់កាស និងបង្កឱ្យមានភាពអនាធិបតេយ្យក្នុងសង្គម ដែលធ្វើប៉ះពាល់ដល់ គោលនយោបាលរបស់រាជរដ្ឋាភិបាល ដែលកំពុងចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេសនោះ ក្រសួងសុខាភិបាលអំពាវនាវដល់សាធារណជនទាំងអស់ ត្រូវឈប់ជឿលើការឃោសនាកុហក បោកប្រាស់ ភូតភរទាំងនោះ ដោយត្រូវបញ្ឈប់ជាបន្ទាន់ ការប្រើប្រាស់តេស្តរហ័សរកអង់ទីគ័រការពារជំងឺកូវីដ-១៩ គ្មានលខបញ្ជិកាពីក្រសួងសុខាភិបាល។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល ព្រមានចាត់វិធានការយ៉ាងតឹងរឹងបំផុត ចំពោះសេវាសុខាភិបាលឯកជនណា ដែលនៅតែឆ្លៀតឱកាសប្រើប្រាស់ឧបករណ៍តេស្តរហ័ស រកអង់ទីគ័រការពារជំងឺកូវីដ-១៩នេះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ បងប្រុស ទីពីរ, Leng Kuchnika Pol, Srey Nit និងTMS-Trust Medical Services ព្រមទាំងជនពាក់ព័ន្ធដទៃទៀតដែលបាន និងកំពុងបន្តផ្សព្វផ្សាយ ឬលក់តេស្ករហ័សទាំងនេះ ទៅតាមច្បាប់ដែលមានជាធរមាន៕