(បន្ទាយមានជ័យ)៖ ពលករខ្មែរមានគ្នា១៦នាក់ (ស្រី១០នាក់) បម្រុងលួចឆ្លងដែនខុសច្បាប់ឆ្ពោះទៅទឹកដីថៃ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចនៃវរសេនាតូចលេខ ៥១១ និងកងពលតូចថ្មើរជើងលេខ ៥១ ឃាត់ខ្លួនបាននៅត្រង់ចំណុចភូមិសាស្ត្រភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ ៥១ និងដឹកនាំកម្លាំងផ្ទាល់ដោយលោកវរសេនីយ៍ត្រី លឹម វណ្ណារិទ្ធ មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ ៥១១ បានដឹកនាំកម្លាំងល្បាត២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នាសហការជាមួយកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៥ ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍។

ខណៈកងកម្លាំងចម្រុះល្បាត ក៏បានជួបពលករបម្រុងលួចឆ្លងដែនចេញទៅប្រទេសថៃ ត្រូវបានកម្លាំងវរសេនាតូចលេខ ៥១១ កងពលតូចថ្មើរជើងលេខ ៥១ ឃាត់ខ្លួនបាននៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១។

ក្រោយពីឃាត់ខ្លួនបាន លោកវរសេនីយ៍ត្រី លឹម វណ្ណារិទ្ធ ក៏បានណែនាំដល់ពលករទាំងនោះកុំបន្តចាញ់បោកមេខ្យល់ ដែលតែងតែបញ្ចុះបញ្ចូលនាំពលករឆ្លងដែនដោយខុសច្បាប់ ដោយមិនគិតពីសុវត្ថិភាព និងខាតបង់ប្រាក់ជាបន្តបន្ទាប់ ជាពិសេសសូមបន្តចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ ឲ្យបានទាំងអស់គ្នា។

បច្ចុប្បន្ន ពលករទាំង១៦នាក់នោះ ត្រូវបានបញ្ជូនទៅធ្វើចត្តាទ្បីស័ក ១៤ថ្ងៃ នៅស្រុកម៉ាឡៃ និងបន្តស្រាវជ្រាវរកមេខ្យល់ និងអ្នកពាក់ព័ន្ធចាត់វិធានការតាមផ្លូវច្បាប់៕