(ភ្នំពេញ)៖ ឈរលើជំនាញជាអ្នករកស៊ីក្នុងវិស័យអចលនវត្ថុ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានបង្ហើបពីទីតាំងខេត្តមួយចំនួន ដែលកំពុងផ្ដល់នូវសក្ដានុពលនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងអចលនទ្រព្យ ដែលវិនិយោគិនមិនគួរមើលរំលង។

លោក ច្រឹក សុខនីម ថ្លែងឲ្យដឹងថា «សម្រាប់វិនិយោគិន ដែលវិនិយោគលើវិស័យអចលនទ្រព្យ គួរវិនិយោគក្នុងរាជធានីភ្នំពេញ តំបន់ជាយក្រុងភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួនទៀត ដែលកំពុងផ្សារជាប់ជាមួយរាជធានីភ្នំពេញ មានដូចជា ខេត្តកំពង់ស្ពឺ, ខេត្តកណ្ដាល, ផ្នែកខ្លះនៃខេត្តព្រៃវែង ដែលជាតំបន់ និងខេត្តមានសក្ដានុពលខ្ពស់ ព្រមទាំងអភិវឌ្ឍន៍លឿន»។

លោកបានបន្ថែមថា ការអះអាងបែបនេះ ដោយសារតែខេត្ត និងតំបន់ទាំងនេះជាកន្លែង ដែលផ្សារជាប់ដោយផ្លូវក្រវាត់ក្រុងទី៣ ទី៤ និងការអភិវឌ្ឍន៍មុំ ៣៦០ឌឺក្រេនៃរាជធានីភ្នំពេញ ដូច្នេះតំបន់ទាំងអស់នេះនឹងផ្ដល់សក្ដានុពលខ្ពស់ នៃការអភិវឌ្ឍន៍នៃសេដ្ឋកិច្ច និងវិស័យអចលនទ្រព្យ។

លោក ច្រឹក សុខនីម ក៏បានបង្ហាញពីតំបន់មួយចំនួនទៀត ក្រៅអំពីរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដែលបាន និងកំពុងមានសក្ដានុពលខ្ពស់ទាំងផ្នែកអចលនទ្រព្យ និងវិស័យទេសចរណ៍ គឺមានខេត្តកែប, សៀមរាប និងខេត្តកំពត ដែលជាខេត្តដែលមានសក្ដានុពលខ្ពស់ និងជាខេត្តដែលទាក់ទាញភ្ញៀវទេសចរ និងជំរុញដល់វិស័យអចលនទ្រព្យ។

លោកបន្ដថា នៅក្នុងខេត្តកែប មានការអភិវឌ្ឍន៍លំនៅដ្ឋានមួយចំនួនធំ ពិសេសរីស៊តតូចៗ កំពុងមានវឌ្ឍនភាព រីឯខេត្តកំពតក៏ចាប់ផ្ដើមឡើងពីកំពង់ផែ ជាផ្នែកតូចមួយ សម្រួលការដឹកជញ្ជូន។ ចំណែកខេត្តសៀមរាប ជាខេត្តដែលផ្ដល់សក្ដានុពលខ្ពស់ ក្នុងការទទួលភ្ញៀវទេសចរ រាប់លាននាក់ក្នុងមួយឆ្នាំៗ។

លោកបញ្ជាក់ថា មានកត្តាជាច្រើនធ្វើឲ្យខេត្តទាំងនេះ មានសក្ដានុពលខ្ពស់លើវិស័យទេសចរណ៍ ខេត្តសម្បូរដោយធនធានធម្មជាតិ, មានប្រាសាទដែលជាកេរ្ដិ៍តំណែលពីដូនតា៕