(កណ្តាល)៖ ប្រជាពុទ្ធបរិស័ទ និងគណៈកម្មការវត្តកោះថ្មីបានលើកគ្នាទៅតវ៉ាដល់មុខវត្តតែម្ដង ដែលស្ថិតភូមិកោះថ្មី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល ដើម្បីទូលសុំឱ្យព្រះតេជគុណ អ៉ី ពិសិត ដែលគង់នៅវត្តកោះថ្មីនេះ បង្ហាញបច្ច័យសរុបចំនួន ១២០ លានរៀល និងប្រាក់ដុល្លារជាង ៩,០០០ ដុល្លារទៀត បញ្ជាក់ឱ្យពុទ្ធបរិស័ទបានឃើញជាក់ភ្នែក ព្រោះតែសង្ស័យថាបាត់មិនដឹងប្រើប្រាស់លើប្រការណាខ្លះ។

ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ លុះដល់ថ្ងៃទី១៧ ខែមិថុនា អាជ្ញាធរស្រុកស្អាង មន្ត្រីជំនាញ ដឹកនាំដោយលោក សេង វុធ អភិបាលរងស្រុកស្អាង ក៏បានចុះទៅជួយដោះស្រាយដោយមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋ ឬតំណាងប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានចូលរួមនោះទេ។ ប៉ុន្តែបានអនុញាតឲ្យតាអាចារ្យគណៈកម្មការវត្តប្រមាណ ៨ នាក់ចូលរួម។ ករណីនេះបានធ្វើឲ្យប្រជាពលរដ្ឋពុទ្ធបរិស័ទចំណុះជើងវត្តបានដាក់ការសង្ស័យលើអាជ្ញាធរ មន្ត្រីជំនាញត្រូវរ៉ូវជាមួយព្រះសង្ឃ អ៉ី ពិសិត ដែលរងការចោទប្រកាន់ពាក់ព័ន្ធបច្ច័យខាងលើ និងសម្តែងការខកចិត្តចំពោះអាជ្ញាធរ និងមន្ត្រីជំនាញចុះដោះស្រាយហាក់មានការលាក់បាំងបែបនេះ។

ប្រជាពលរដ្ឋ និងគណៈកម្មការវត្តកោះថ្មី បានលើកឡើងថា មូលហេតុដែលពួកគាត់លើកគ្នាតវ៉ានេះ ដោយសារពួកគាត់មើលឃើញថា ព្រះសង្ឃអង្គនេះមានព្រះទ័យមិនស្មោះត្រង់ មានកំហុសខុសឆ្គងពីធម្មវិន័យជាច្រើនមិនសមជាព្រះសង្ឃ ជាពិសេសធ្វើឲ្យប្រជាពុទ្ធស័ទចំណុះជើងវត្តអស់ជំនឿលែងទុកចិត្ត រហូតចង់កសាងសមិទ្ធផលអ្វីមួយក្នុងវត្តសុខចិត្តធ្វើដោយខ្លួនឯង ដូចជាករណីកំពុងកសាងរបងវត្ត និងកុដិជាដើម។

ជាងនេះទៅទៀត រឿងដែលពួកគាត់កាន់តែអស់ជំនឿនោះ ខណៈដែលពួកគាត់បាននាំគ្នាទៅថ្វាយបង្គំទូលសួរនាំរឿងកសាងផ្លូវបេតុងចូលវត្ត និងផ្លូវបេតុងតាមរបងមុខវត្ត ស្រាប់តែព្រះសង្ឃអង្គនេះមានថេរដីកាថា អត់មានបច្ច័យកសាង មានតែកាត់ដីវត្តលក់។

ត្រង់ចំណុចនេះហើយ ដែលធ្វើឲ្យប្រជាពលរដ្ឋ និងគណៈកម្មការវត្តមិនពេញចិត្ត ដោយសារដីបរិវេណវត្តបានមកពីពួកគាត់រៃអង្គាសគ្នាទិញ ហើយរឿងដែលពួកគាត់កាន់តែមិនពេញចិត្តថែមទៀតនោះ គឺនៅពេលដែលគណៈកម្មការវត្តចេះតែដេញដោលទូលសួររឿងបច្ច័យដែលប្រមូលបានពីបុណ្យកឋិន បុណ្យភ្ជុំបិណ្ឌ និងបុណ្យផ្សេងៗ សរុបប្រមាណ ១២០ លានរៀល និងប្រាក់ដុល្លារជាង ៩,០០០ ដុល្លារទៀតនោះ តើយកទៅណា? ម្ដេចក៏មិនយកបច្ច័យនោះមកកសាងផ្លូវ បែរជាចង់កាត់ដីវត្តលក់ទៅវិញ?

មិនតែប៉ុណ្ណោះ ព្រះសង្ឃអង្គនេះក៏ថែមចង់រំសាយគណៈកម្មការវត្តចោលថែមទៀត។ ករណីដែលរំសាយគណៈកម្មការវត្តនេះ ត្រូវបានប្រជាពលរដ្ឋ និងគណៈកម្មការវត្តដាក់ការសង្ស័យថា ការរំសាយគណៈកម្មការវត្តនេះ គឺព្រះសង្ឃអង្គនេះមានព្រះទ័យចេតនាចង់លាក់បាំងពីរឿងបច្ច័យ ១២០ លានរៀល និងជាង ៩,០០០ ដុល្លារនោះហើយមើលទៅ។

ពាក់ព័ន្ធនឹងការលើកឡើងបែបនេះ ព្រះតេជគុណ អ៉ី ពិសិត មានថេរដីកាប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News កាលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ឲ្យដឹងថា ការលើកឡើងនោះមិនពិតទាំងស្រុងទេ ពីព្រោះបច្ចុប្បន្នព្រះតេជគុណកំពុងឲ្យគេបូកសរុបបញ្ជីបច្ច័យដែលប្រមូលបាន និងបញ្ជីចំណាយលើការកសាងសមិទ្ធផលក្នុងវត្តពីមុនមក ដើម្បីប្រជុំដោះស្រាយ និងបង្ហាញឲ្យពួកគាត់បានដឹង។ ចំណែករឿងដែលពួកគាត់និយាយថា ព្រះតេជគុណរំសាយគណៈកម្មការនោះ មិនពិតនោះទេ ព្រះតេជគុណមិនបានរំសាយគណៈកម្មការវត្តរហូតនោះទេ គឺគ្រាន់តែរំសាយមួយសីលប៉ុណ្ណោះ។ រីឯរឿងដែលពុទ្ធបរិស័ទកសាងសមិទ្ធផលក្នុងវត្តខ្លួនឯង ដោយមិនបានប្រគេនបច្ច័យឲ្យព្រះសង្ឃគ្រប់គ្រងនោះ ពីព្រោះពួកគាត់ចង់គ្រប់គ្រងកសាងដោយខ្លួនឯង។

រឿងហេតុក៏បានអូសបន្លាយមកដល់ល្ងាចថ្ងៃទី១៧ ខែឆ្នាំដដែល ក្នុងពេលនោះ ប្រជាពលរដ្ឋ និងគណៈកម្មការវត្តនាំគ្នាទៅដល់វត្តដើម្បីដោះស្រាយនោះ ប៉ុន្តែព្រះតេជគុណ អ៉ី ពិសិត មិនព្រមមានថេរដីកាបំភ្លឺជាមួយអ្នកសារព័ត៌មានពាក់ព័ន្ធនឹងករណីនេះទេ។ ចំណែកមេភូមិកោះថ្មី លោក កោ វ៉ារី បាននិយាយថា លោកមិនដឹងរឿងនេះទេ លោកមកដល់វត្តនេះដោយសារព្រះសង្ឃ អ៉ី ពិសិត ហៅមកដោះស្រាយ តែមិនដឹងថាដោះស្រាយរឿងអ្វីនោះទេ៕