(ព្រៃវែង)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយគួរឱ្យរន្ធត់ បានបណ្តាលឲ្យម្តាយកូន ៣នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកកូន២នាក់ទៀតរងរបួសធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ ៩០-៩១ ស្ថិតក្នុងភូមិជ្រលង ឃុំប្រសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ខណៈជនរងគ្រោះកំពុងបើកបរម៉ូតូឌុបកូនៗពីរាជធានីភ្នំពេញ ត្រឡប់មកស្រុកកំណើតវិញ ក៏ជួបគ្រោះចរាចរតែម្តង។ ស្ត្រីរងគ្រោះមានទីលំនៅភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុគេឃើញស្រ្តីរងគ្រោះជិះម៉ូតូមួយគ្រឿង បើកបរពីទីសខាងលិចមកទីសខាងកើត ដោយឌុបកូនស្រីប្រុសចំនួន ៤នាក់ ខាងមុខ ២នាក់ អង្គុយលើកកាបូបខោអាវ និងខាងក្រោយ ២នាក់ លុះមកដល់ចំណុចខាងលើបានបុកជាមួយម៉ូតូសណ្តោងរ៉ឺម៉កចំពីក្រោយពេញទំហឹង។

ប្រភពដដែលបន្តថា កូនប្រុសស្រីអង្គុយខាងមុខបែកក្បាលស្លាប់ភ្លាមៗ ឯម្តាយដាច់ក្បាលចេញពីដងខ្លួនស្លាប់ភ្លាមៗដែរ ចំណែកកូនប្រុសស្រីនៅពីខាងក្រោយរងរបួសធ្ងន់ធ្ងរសន្លប់ស្តូកស្តឹង។ ចំពោះម៉ូតូសណ្តោងរ៉ឺម៉កបានរេចង្កូតធ្លាក់ទៅក្នុងស្រែ បន្ទាប់មកអ្នកបើកបរម៉ូតូរ៉ឺម៉កបានរត់គេចពីកន្លែងកើតហេតុបាត់ស្រមោល បន្សល់ទុកតែម៉ូតូសណ្តោងរ៉ឺម៉កនៅកន្លែងកើតហេតុ។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានមកដល់ធ្វើការវាស់វែង និងហៅរថយន្តដឹកជនរងគ្រោះបញ្ជូនមកមន្ទីរពេទ្យស្រុកកំពង់ត្របែក និងបញ្ជូនបន្តមកមន្ទីរពេទ្យខេត្តស្វាយរៀង ចំណែកសពម្តាយនិងកូនប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

បើតាមបុរសជាប្តីរបស់ជនរងគ្រោះបានឲ្យដឹងថា ប្តីប្រពន្ធរបស់គាត់មិនដែលឈ្លោះប្រកែកគ្នាទេ ហើយកូនៗបានទៅលេងនៅភ្នំពេញជាង១០ថ្ងៃហើយ អផ្សុកពេកនៅតែផ្ទះព្រោះខ្លាចកូវីដ ទើបប្រពន្ធរបស់ខ្លួនបបួលកូនៗមកស្រុកនៅខេត្តស្វាយរៀងវិញ។

ប្រភពពីបុរសជាប្តីបានបន្តថា ជនរងគ្រោះជាប្រពន្ធរបស់ខ្លួនមានឈ្មោះ ឆេន នួច អាយុ៣៩ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពត និងកូនស្រីឈ្មោះ ស្នា ស្រីពៅ អាយុ១០ឆ្នាំ និងកូនប្រុសឈ្មោះ ស្នា ប៊ុនលាភ អាយុ៣ឆ្នាំ។ បច្ចុប្បន្ន សពប្រពន្ធ និងកូនពីរនាក់របស់ខ្លួនកំពុងតម្កល់នៅគេហដ្ឋាន ស្ថិតនៅភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដើម្បីធ្វើបុណ្យតាមប្រពៃណី៕