(ភ្នំពេញ)៖ ក្រុមគ្រូពេទ្យ ដែលគេប្រសិទ្ធនាមជាកងទ័ពអាវស នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក (ពេទ្យជប៉ុន) បានវះកាត់សម្រាលទារិកាម្នាក់ ដែលមានម្តាយវិជ្ជមានវីរុសកូវីដ-១៩ ដោយជោគជ័យនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ។

លោក អ៊ាត ស៊ីឡា ត្រូវជាស្វាមីស្ត្រីខាងលេីនេះ បានឱ្យដឹងថា ភរិយារបស់លោក ឈ្មោះ កូយ ស្រីយ៉ា បានធ្វើតេស្តវិជ្ជមានវីរុសកូវីដ-១៩ កាលពីពេលថ្មីៗនេះ ហើយខណៈដែលត្រូវសម្រាលផងនោះ ក្រុមគ្រូពេទ្យ នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានសម្រេចវះកាត់ដោយជោគជ័យ។ កូនស្រីលោកដែលបានវះកាត់នេះ មានទម្ងន់ ២.២គីឡូក្រាម។

ពេលនេះស្ថានភាពសុខភាពទាំងមាតា និងទារិកា មានសុខភាពល្អជាធម្មតា ខណៈទារិកានេះ ត្រូវបានក្រុមគ្រូពេទ្យបំបែកចេញពីម្តាយ ដើម្បីចៀសវៀងការឆ្លងជំងឺកូវីដ-១៩។

ឆ្លៀងក្នុងឱកាសនោះ លោក ស៊ីឡា បានលើកម្រាមដៃដប់ គោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ជូនចំពោះ សម្តេចប្រមុខដឹកនាំរាជរដ្ឋាភិបាល ដែលសម្តេចតែងតែយកចិត្តទុកដាក់ គិតគូរចំពោះជីវភាព និងសុខមាលភាពប្រជាពលរដ្ឋទូទៅ ដោយការមិនយកកម្រៃក្នុងការព្យាបាលជំងឺកូវីដ-១៩ និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក៏ដូចជាក្រុមគ្រូពេទ្យនៃ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ដែលបានខិតខំជួយសង្គ្រោះ និងព្យាបាលភរិយារបស់លោក ព្រមទាំងការវះកាត់លើកនេះប្រកបដោយជោគជ័យ៕