(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសសម្រេចលុបចោលកម្មវិធីជួបជុំទាំងអស់ ដែលបានគ្រោងទុក ទាំងការជួបផ្ទាល់ ទាំងការជួបតាមវីដេអូ រួមទាំងការជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីការបរទេសអង់គ្លេស នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២១ខាងមុខនេះ នៅវិមានសន្តិភាពផងដែរ ដោយសារតែសម្តេច បានជាប់ពាក់ព័ន្ធដោយប្រយោលជាមួយអ្នកជំងឺកូវីដ១៩ គ្រូពេទ្យតម្រូវឲ្យធ្វើតេស្ត និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃជាចាំបាច់។

សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook ផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា «បងប្អូនជនរួមជាតិជាទីគោរព ស្រឡាញ់! ដោយសារខ្ញុំបានពាក់ព័ន្ធដោយប្រយោលជាមួយអ្នកកើតជម្ងឺកូវីដ-១៩។ ក្រុមគ្រូពេទ្យតម្រូវឲ្យខ្ញុំធ្វើតេស្ត និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ចាប់ពីល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២១ នេះរហូតដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១។

ខ្ញុំសូមអភ័យទោស ដែលតម្រូវឲ្យខ្ញុំលុបចោលកម្មវិធីជួបជុំទាំងអស់ ដែលបានគ្រោងទុកទាំងការជួបផ្ទាល់ទាំងការជួបតាមវីដេអូ ជាពិសេសសុំការយោគយល់ពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រីការបរទេសអង់គ្លេស ដែលគ្រោងជួបគ្នានៅម៉ោង៩៖០០ព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២១ ខាងមុខនេះនៅវិមានសន្តិភាព។

ទោះត្រូវលុបចោលការជួបទាំងខ្មែរ ទាំងបរទេស តែខ្ញុំនៅតែធ្វើការដូចពេលមុន ជាមួយគ្រប់ស្ថាប័នទាំងស៊ីវិលទាំង កងកម្លាំងប្រដាប់អាវុធ រាប់ទាំងការប្រជុំតាម ZOOM ផង ដោយសារបច្ចេកទេសនេះមិនតម្រូវឲ្យមានមនុស្សចូលមកជិតខ្ញុំទេ»