(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ក្រោមកិច្ចសហការរវាងអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការឧបត្ថម្ភពីអង្គការភ្លែនអន្តរជាតិកម្ពុជា (Plan International Cambodia) ក្រសួងអប់រំ យុវជន និងកីឡា បន្តបើកវគ្គបំប៉នពីវិធីសាស្រ្តប្រើប្រាស់ឧបទ្ទេសសិក្សា ស្តីពីបង្ការទប់ស្កាត់ពីបញ្ហាគ្រឿងញៀនជូនដល់ មន្រ្តីគ្រប់គ្រងការងារអប់រំ យុវជន និងកីឡាស្រុក នាយកសាលា និងលោកគ្រូ អ្នកគ្រូបង្រៀន ថ្នាក់ទី៥ និងទី៦ នៅសាលាបឋមសិក្សាចំនួន៩ក្នុងស្រុកកងមាស ខេត្ត កំពង់ចាម តាមប្រព័ន្ធអនឡាញ google meet ដែលមានអ្នកចូលរួមចំនួន ៥០នាក់។

លោកស្រី វេជ្ជបណ្ឌិត ឆាយ គីមសុទ្ធាវី ប្រធាននាយកដ្ឋាន សុខភាពសិក្សា បានប្រាប់ពីគោលបំណងសំខាន់ គឺបំប៉នសមត្ថភាពលោកគ្រូអ្នកគ្រូទាំងថ្នាក់ជាតិ -ថ្នាក់ក្រោមជាតិ ក៏ដូចជាដល់លោកនាយកនូវវិធីសាស្រ្តការប្រើប្រាស់សម្ភារៈបច្ចេកទេសសម្ភារៈឧបទេស ក្នុងការបង្រៀននិងការបង្ការការទប់ស្កាត់គ្រោះថ្នាក់ ដែលបង្កឡើងពីការប្រើប្រាស់ខុសច្បាប់ការនៅតាមសាលារបស់ខ្លួន ក៏ដូចជានៅក្នុងសហគមន៍។

ថ្លែងក្នុងនាម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាន នីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា លោកគ្រូ អ្នកគ្រូមានតួនាទីសំខាន់ណាស់ក្នុងការផ្សព្វផ្សាយបន្តពីចំណេះដឹង ដែលជាព័ត៌មានពិតពីគ្រោះថ្នាក់នៃបញ្ហាគ្រឿងញៀនមានក្នុងសៀវភៅមេរៀនឧបទ្ទេសសិក្សា ស្តីពីការបង្ការទប់ស្កាត់ការប្រេីប្រាស់គ្រឿងញៀន ខុសច្បាប់ មន្រ្តីអប់រំនៅទូទាំងប្រទេស ត្រូវបានទទួលស្គាល់ជាជនបង្គោលដ៏សកម្មក្នុងដំណើរការកសាងធនធានមនុស្សឆ្លើយថាទេចំពោះគ្រឿងញៀន ដើម្បីសហគមន៍សុខសាន្ត និងមានការអភិវឌ្ឍគ្រប់វិស័យ។

ថ្លែងក្នុងនាម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះពិនិត្យតាមដានការអនុវត្តផែនការកម្មវិធីគោលនយោបាយចតុកោណរបស់រាជរដ្ឋាភិបាលនៅស្រុកកងមាស ក្នុងឱកាសនោះ ដែរលោកស្រី បណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជននិងកីឡា អះអាងថា ផ្នែកសុខភាពសិក្សាមានសារ:សំខាន់ណាស់ សម្រាប់គ្រប់មន្រ្តីអប់រំ និងសិក្សានុសិស្សគ្រប់រូប ព្រោះសុខភាពទាំងផ្លូវកាយ ផ្លូវចិត្ត និងអារម្មណ៍របស់មនុស្សគ្រប់រូប គ្រប់វ័យ ជាកត្តាចលករដ៏សំខាន់ដែលធ្វើឱ្យលូតលាស់ទាំងរាងកាយ និងបញ្ញា មានសុខភាពរឹងមាំល្អ ពិសេសមានសមត្ថភាពត្រិះរិះពិចារណាបានត្រឹមត្រូវក្នុងដំណើរការកសាងជីវិតដោយមិនពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន «គ្រឿងញៀនគឺជាប្រភពបង្កឱ្យមានអំពើហឹង្សា ឧក្រិដ្ឋកម្ម និងបញ្ហាអសន្តិសុខសង្គម»។

សូមបញ្ជាក់ថា វគ្គបំប៉នស្ដីពីការប្រើប្រាស់សម្ភារៈឧបទេសក្នុងការបង្រៀន ការអប់រំ បង្ការ ការទប់ស្កាត់គ្រោះថ្នាក់បង្កដោយការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ សម្រាប់បឋមសិក្សាថ្នាក់ទី៥-ទី៦ នេះប្រព្រឹត្តទៅរយ:ពេល៣ថ្ងៃ គឺថ្ងៃទី១៩ដល់ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២១៕