(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា រួមជាមួយក្រុមការងារ នៅព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២១ បាននាំអំណោយ លោក បណ្ឌិត ហ៊ុន ម៉ាណែត ផ្ដល់ជូនប្រជាពលរដ្ឋចំនួន ៣០០គ្រួសារ ដែលកំពុងជួបការខ្វះខាតក្នុងជីវភាព ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ស្ថិតក្នុងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

អំណោយដែលបានផ្ដល់ជូនប្រជាពលរដ្ឋទាំង ៣០០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម ត្រីខកំប៉ុង ១០កំប៉ុង មីចំនួន ១៥កញ្ចប់ ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ ថ្នាំពេទ្យ ៥មុខ ម៉ាសចំនួន ២០ម៉ាស សាប៊ូ ១ដុំ ជែល លាងដៃ ២ដបតូច។

លោក អ៊ុន ចាន់ដា បញ្ជាក់ថា អំណោយដែលបានផ្ដល់ជូនប្រជាពលរដ្ឋនាពេលនេះ គឺជាការចូលរួមពីសប្បុរសជនទាំងឡាយក្រោមការផ្ដួចផ្ដើមរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានខិតខំកៀងគរសប្បុរសជន បានជាអំណោយ យកមកដល់ជូនដល់ប្រជាពលរដ្ឋ ដែលកំពុងជួបវិបត្តិខ្វះខាតជីវភាព ដោយសារតែការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ជាមួយគ្នានោះដែរ លោកអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បង្កើនការ ការពារខ្លួន ជៀសផុតពីការឆ្លង ជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល ៣ការពារ និង ៣កុំ ពិសេស ការលាងសម្អាតដៃជាប្រចាំ, ការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ , កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាល ក្នងដំណាក់កាលនៃការឆ្លងរាលដាលកូវីដ-១៩នេះ៕