(ភ្នំពេញ)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មាន៤២ក្រុម និង១៥ក្រុមត្រៀម រួចរាល់ដើម្បីចូលរួមយុទ្ធនាការចុះចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស តាមការកំណត់របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស។

ជាក់ស្តែនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ឯក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមគ្រូពេទ្យស្មគ័្រចិត្តសម្ដេចពិជ័យសេនា ទៀ បាញ់ បានអញ្ចើញចុះសួសុខទុក្ខ និងពិនិត្យក្រុមគ្រួពេទ្យចាក់វ៉ាក់សាំងក្នុងខណ្ឌជ្រោយចង្វាចំនួនពីរទីតាំវិទ្យាល័យសម្ដេចជា ស៊ីមជ្រោយចង្វា និងក្រុមហ៊ុន OCIC។

នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក ស ថាវី បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ ឱ្យប្រជាពលរដ្ឋត្រូវអនុវត្តតាមការណែនាំរបស់អាជ្ញាធរ សង្កាត់-ខណ្ឌ និងក្រុមគ្រូពេទ្យ។

បន្ថែមពីនេះលោកឧត្តមសេនីយ៍ឯក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋសូមឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ និងជាពិសេសអនុវត្តវិធានការការពារពីការឆ្លងជំងឺកូវីដ១៩ ដូចខាងក្រោម៖ «៣ការពារ (ពាក់ម៉ាស លាងសម្អាតដៃឱ្យបានញឹកញាប់ គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះឡើងទៅ និង៣កុំ (កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប្រើម៉ាស៊ីនត្រជាក់ច្រើនពេក, កុំទៅកន្លែងមានមនុស្សច្រើនកុះករ, កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម) និង២ចូលរួម (ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩, ស្កេនកូដទីតាំងទប់ស្កាត់ជំងឺកូវីដ១៩»

លោកឧត្តមសេនីយ៍ឯក ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តខិតខំយកចិត្តទុកដាក់ក្នុងការ ចុះអប់រំផ្សព្វផ្សាយ ណែនាំ អំពីវិធានការការពារនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍របស់ខ្លួន ធ្វើយ៉ាងណាដើម្បីទប់ស្កាត់ឱ្យបាននូវការឆ្លង រាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍របស់យើង។

គិតចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា បានចាក់វ៉ាក់សាំងកូវីដ-១៩ ជូនមន្ត្រីរាជការ បុគ្គលិកវិស័យឯកជន និងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ បានសរុបចំនួន ១៥៦,២០៨ដូសទី១ គ្រប់ទីតាំងទាំងអស់ គិតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ប៉ុន្តែដូសទី២ ការចាក់វ៉ាក់សាំងសរុបបានចំនួន ១៣,០៧៣៩ដូស។

មានមណ្ឌលចាក់វ៉ាក់សាំងកូវីដ១៩ ចំនួន៣តំបន់ បានបញ្ចប់បេសកកម្មរបស់ខ្លួនដោយជោគជ័យមកទល់ពេលនេះ។ ទីតាំងនៃការចាក់វ៉ាក់សាំងលើកទី១ មានដូចជា សណ្ឋាគារកាំបូឌីយ៉ាណា អគារគណមេធាវីកម្ពុជា ខណ្ឌទាំង៧, សម្រាប់ទីតាំងនៃការចាក់វ៉ាក់សាំងលើកទី២គឺ ខណ្ឌសែនសុខ ចំណែកទីតាំងចាក់វ៉ាក់សាំងទី៣គឺខណ្ឌជ្រោយចង្វារ និងស្រុកកោះធំ។

បច្ចុប្បន្ននេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា បានកំពុងបន្តចាក់វ៉ាក់សាំងកូវីដ១៩ នៅក្នុងខណ្ឌជ្រោយចង្វារ (៥ទីតាំង) និងស្រុកកោះធំ ខេត្តកណ្តាល (៥ទីតាំង) ដែលកំពុងបន្តចាក់វ៉ាក់សាំងយ៉ាងសកម្មជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលជាក្រុមគោលដៅ៕