(ភ្នំពេញ)៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ បានអះអាងថា នៅសប្ដាហ៍ចុងក្រោយ នៃខែមិថុនានេះ វ៉ាក់សាំងដែលកម្ពុជាបញ្ជាទិញពីក្រុមហ៊ុនស៉ីណូវ៉ាក់ ចំនួន២លានដូសបន្ថែមទៀត នឹងមកដល់ដើម្បីត្រៀមចាក់ជូនប្រជាពលរដ្ឋតាមផែនការកំណត់។

ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្នុងឱកាសទទួលវ៉ាក់សាំង១លានដូស ដែលទើបដឹកមកដល់ប្រទេសកម្ពុជា នាព្រឹកមិញនេះ លោកស្រី យក់ សម្បត្តិ បានឲ្យដឹងទៀតថា កម្ពុជា ក៏ត្រៀមដើម្បីទទួលវ៉ាក់សាំងចំនួន៣លានដូសបន្ថែមទៀតផងដែរ ពីក្រុមហ៊ុនស៉ីណូវ៉ាក់ដូចគ្នានេះ នៅខែកក្កដា។

លោកស្រី យក់ សម្បត្តិ បានថ្លែងយ៉ាងដូច្នេះថា «ខែមិថុនានេះ យើងនឹងទទួលវ៉ាក់សាំងពីក្រុមហ៊ុនស៉ីណូវ៉ាក់២លានដូសបន្ថែមទៀត នៅសប្ដាហ៍ចុងក្រោយនៃខែ៦នេះ។ យើងនឹងទទួលវ៉ាក់សាំង៣លានដូសទៀត នៅខែ៧»

មន្ដ្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះ បានបន្ថែមទៀតថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានឯកភាពអនុញ្ញាតឲ្យគណៈកម្មការលទ្ធកម្ម បញ្ជាទិញវ៉ាក់សាំង ចំនួន៣លានដូសទៀត ដែលនឹងបម្រុងចុះហត្ថលេខនាពេលឆាប់ៗ ជាមួយក្រុមហ៊ុនស៉ីណូវ៉ាក់។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។

គិតចាប់ពីថ្ងៃទី០៧ ខែកុម្ភៈ មកដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងជាង ៩លានដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ វ៉ាក់សាំងកូវីដ១៩ ដែលទទួលបាន ហើយកំពុងចាក់ជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន។

វត្តមានវ៉ាក់សាំងរបស់ចិនលើទឹកដីកម្ពុជា ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា កើតមានក្រោមចំណងទំនាក់ទំនងល្អ និងស្អិតល្មួតរវាងកម្ពុជា និងចិត្ត ហើយជាស្មារតីរួមគ្នាដ៏មុតមាំមួយរវាងប្រទេសទាំងពីរក្នុងការយកឈ្នះលើជំងឺកូវីដ១៩។

រដ្ឋាភិបាលចិន ធ្លាប់បានប្រកាសបង្ហាញនូវជំហរមុតមាំរបស់ខ្លួនជួយកម្ពុជាប្រយុទ្ធនឹងជំងឺកូវីដ១៩នេះ រហូតទទួលបានជោគជ័យ។ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ធ្លាប់បានគូសបញ្ជាក់ថា ចិន និងកម្ពុជាជាបងប្អូនល្អនឹងគ្នា ដែលប្រៀបដូចដៃ និងជើង គឺជាមិត្តល្អនឹងគ្នា ដែលតែងជួយគ្នាទៅវិញទៅមក។ ដរាបណាជំងឺកូវីដនៅក្នុងប្រទេសកម្ពុជាមិនទាន់បញ្ចប់ ការផ្តល់ជំនួយរបស់ចិនមកកាន់ប្រទេសកម្ពុជាក៏មិនអាចបញ្ឈប់បានឡើយ។ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសកូវីដ ប្រជាជនចិនបន្តគាំទ្រជាមួយប្រជាជនកម្ពុជាជានិច្ច។

ប្រជាពលរដ្ឋកម្ពុជា និងជនបរទេសនៅកម្ពុជាផង សរុបជាង ៣លាននាក់ ស្មើនឹងប្រមាណ ៣២ភាគរយនៃចំនួនប្រជាពលរដ្ឋត្រូវចាក់វ៉ាក់សាំង បានចាក់វ៉ាក់សាំងរួចរាល់។ កម្ពុជា បានក្លាយជាប្រទេសជាប់ចំណាត់ថ្នាក់លេខ២ នៅក្នុងអាស៊ាន ដែលចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើន៕