(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ លោក សោ សាវឿន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកស្ទឹងត្រង់ និងជាប្រធានក្រុមការងារចុះជួយឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយនូវសេចក្ដីសម្រេច ស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលមានអ្នកចូលរួមចំនួន១២៤នាក់។

ក្នុងឱកាសនេះ លោកប្រធានក្រុមការងារ បានវាយតម្លៃខ្ពស់ និងអរគុណដល់ក្រុមការងារមូលដ្ឋាន ចំពោះការលះបង់គ្រប់បែបយ៉ាង ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងនាមជាមន្រ្តីរាជការចុះមកបម្រើរាស្រ្ត សហការ និងដោះស្រាយនូវរាល់បញ្ហាផ្សេងៗ ជូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ។

លោក សោ សាវឿន បានក្រើនរំលឹក និងលើកយកមកបង្ហាញជូនសមាជិក សមាជិកាអំពីចំណុចខ្លាំង ត្រូវរក្សាទុក និងត្រូវប្រតិបត្តិឲ្យកាន់តែល្អប្រសើរ ជាបន្តបន្ទាប់ស្របតាមស្ថានការជាក់ស្តែង និងភាពចាំបាច់ដោយឡែកចំណុចខ្សោយវិញ ត្រូវសិក្សាស្វែងយល់ឲ្យបានស៊ីជម្រៅ ពិនិត្យ និងកែលម្អឲ្យបាន ល្អប្រសើរ។

បន្ថែមពីនេះ លោក សោ សាវឿន ក៏បានក្រើនរំលឹកជូនសមាជិក សមាជិកា និងជាពិសេសបងប្អូនប្រជាពលរដ្ឋថា ស្ថានភាពជំងឺឆ្លងកូវីដ-១៩ មិនទាន់ធូរស្បើយនៅឡើយទេ។ ដូច្នេះយើងត្រូវយក ចិត្តទុកដាក់ប្រកាន់ខ្ជាប់នូវគោលការណ៍ ៣ការពារ និង៣កុំ៕