(ត្បូងឃ្មុំ)៖ សារមន្ទីរដ៏ប្រណីតមួយនឹងត្រូវសាងសង់ឡើងនៅក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីតម្កល់ឯកសារនានា ពាក់ព័ន្ធនឹងដំណើរចេញតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ដើម្បីរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧។

សារមន្ទីរកោះថ្មនេះ ត្រូវបានបញ្ចុះឋមសិលាសាងសង់នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាពលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។

សារមន្ទីរកោះថ្ម ត្រូវបានសាងសង់ឡើងក្រោមរចនាបថខ្មែរដែលមានក្បូរក្បាចគួរឱ្យទាក់ទាញ។ ភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាអតីតទីបញ្ជាការដ្ឋានវរសេនាធំតំបន់២១ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ហើយក៏ជាកន្លែងមូលដ្ឋានដែលសម្តេចតេជោ ហ៊ុន សែន បានឈរជើងផងដែរ។

ទីតាំងនេះហើយជាចំណុចចាប់ផ្តើមដែលសម្តេចតេជោ ហ៊ុន សែន បានភាសខ្លួនចូលទៅប្រទេសវៀតណាមស្វែងរកកិច្ចអន្តរាគមន៍ ដើម្បីរំដោះប្រទេស និងប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយឈានទៅការវាយផ្តួលរំលំដោយជោគជ័យនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។

សារមន្ទីរកោះថ្មនឹងក្លាយជាកន្លែងដែលតម្កល់នូវឯកសារ និងប្រវត្តិរឿងរ៉ាវពាក់ព័ន្ធប្រវត្តិតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន៕