(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញវីរុសកូវីដ១៩ បម្លែងថ្មីប្រភេទ B.1.617-2 (Delta) ចំនួន០៧ករណី លើអ្នកដំណើរចូលមកកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែមិថុនានេះ។

ក្រសួងសុខាភិបាលបានឲ្យដឹងថា យោងតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា យោងតាមលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ប្រទេសកម្ពុជា បានរកឃើញករណីឆ្លងវីរុសកូវីដ-១៩ ដែលបម្លែងថ្មី ប្រភេទ B.1.617-2 (Delta) ចំនួន០៧នាក់ ដែលជាអ្នកដំណើរវិលត្រឡប់មកពីប្រទេសថៃ តាមច្រកព្រំដែនកម្ពុជា-ថៃ ដែលមានដូចតទៅ៖

១៖ ខេត្តបន្ទាយមានជ័យ (ចំនួន ០១នាក់)៖

* ស្ត្រីជនជាតិខ្មែរ អាយុ ២៦ឆ្នាំ មានទីលំនៅ នៅភូមិក្របៅ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ជាពលករមកពីប្រទេសថៃ (ខេត្តឈុនបូរី) ដែលមានមុខរបរជាកម្មករសំណង់ (រយៈពេល០១ឆ្នាំ) ត្រឡប់ចូលកម្ពុជា តាមច្រកព្រំដែនអូរបីជាន់ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ បច្ចុប្បន្ន កំពុងសម្រាកព្យាបាល នៅមណ្ឌលសុខភាពប៉ោយប៉ែត ដោយដាក់ឲ្យនៅដាច់ដោយឡែកតែម្នាក់ឯង។

២៖ ខេត្តឧត្តរមានជ័យ (ចំនួន០២នាក់)៖

* បុរសជនជាតិខ្មែរ អាយុ៣៨ឆ្នាំ មានស្រុកកំណើតនៅភូមិម្រើម ឃុំដា ស្រុកចិត្របូរី ខេត្តក្រចេះ ជាកម្មករសំណង់ នៅក្រុមហ៊ុនមួយនៅក្រុងថេប (ប្រហែលជា០៧ខែមកហើយ) ដែលតំបន់នោះ មានអ្នកកើតជំងឺកូវីដ-១៩ច្រើន។ បុរសរូបនេះ បានចូលមកកម្ពុជា តាមច្រកអូរស្មាច់ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ហើយបច្ចុប្បន្ន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។

* បុរសជនជាតិខ្មែរ អាយុ ៣៨ឆ្នាំ មានស្រុកកំណើតនៅភូមិសង្កែ ឃុំស្នួល ស្រុកក្រឡាញ់ ខេត្តសៀមរាប ជាកម្មករសំណង់ នៅក្រុមហ៊ុននៅក្រុងថេប (ប្រហែលជា ៩ខែមកហើយ) ដែលមានអ្នកឆ្លងវីរុសកូវីដ-១៩ ច្រើន។ បុរសរូបនេះបានចូលមកកម្ពុជា នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ តាមច្រកអូរស្មាច់ បច្ចុប្បន្ន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។

៣៖ ខេត្តសៀមរាប (ចំនួន ០២នាក់)៖

* ស្ត្រីជនជាតិខ្មែរ អាយុ៤០ឆ្នាំ មានអាស័យដ្ឋាននៅភូមិបុស្សធំ ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាបជាពលករ បានវិលត្រឡប់មកពីប្រទេសថៃ (ឈុនបូរី) តាមច្រកព្រំដែនកម្ពុជា-ថៃ មកដល់កម្ពុជា នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១។

* ស្ត្រីជនជាតិខ្មែរអាយុ ៣១ឆ្នាំ មានទីលំនៅនៅភូមិតាយិក ឃុំស្នួលស្រុកក្រឡាញ់ ខេត្តសៀមរាបជាពលករ (នៅទីក្រុងបាងកក) បានវិលត្រឡប់ចូលមកកម្ពុជា នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ តាមច្រកព្រំដែនកម្ពុជា-ថៃ។

បច្ចុប្បន្នអ្នកជំងឺទាំងពីរនាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប។

៤៖ ខេត្តកំពង់ចាម (ចំនួន ០១នាក់) ៖

* បុរសជនជាតិខ្មែរ អាយុ ៤៧ឆ្នាំ មានអាស័យដ្ឋាននៅភូមិរលាក ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ជាកម្មករសំណង់នៅក្រុងថេប ប្រទេសថៃ បានចូលមកប្រទេសកម្ពុជា តាមច្រកអូរស្មាច់ នៃខេត្តឧត្តមានជ័យ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១។ បច្ចុប្បន្ន កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ចាម។

៥៖ ខេត្តកំពត (ចំនួន ០១នាក់)៖

* ស្ត្រីជនជាតិខ្មែរ អាយុ ១៩ឆ្នាំ មានទីលំនៅនៅក្រុងកំពត ខេត្តកំពត មកពីឈុនបូរី ប្រទេសថៃ ឆ្លងចូលមកកម្ពុជា នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ តាមច្រកព្រំដែនកម្ពុជា-ថៃ។ បច្ចុប្បន្ន កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពត តាំងពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១។

ក្រសួងសុខាភិបាលសង្កត់ធ្ងន់ថា ដោយយោងតាមលទ្ធផលនៃការរកឃើញវីរុសកូវីដ១៩ បម្លែងថ្មីប្រភេទ B.1.617-2 (Delta) ចំនួន០៧ករណីនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ រីឯបុគ្គលដែលតម្រូវឱ្យធ្វើចត្តាឡីស័ក ត្រូវតែគោរពតាមគោលការណ៍ ការធ្វើចត្តាឡីស័កឱ្យគ្រប់ចំនួន ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការចម្លងបន្តគ្នា នៅក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ។

មិនត្រូវមានការជួបជុំគ្នា ដើម្បីស៊ីផឹក ឬបង្កឱ្យមានការជួបជុំគ្នាច្រើនកុះករ ដូចជាពិធីភ្ជាប់ពាក្យ ឬពិធីបុណ្យទានអ្វីមួយ មិនត្រូវទៅកន្លែងដែលបិទជិតៗ ប្រើម៉ាស៊ីនត្រជាក់ច្រើនពេក បន្ទប់គ្មានខ្យល់ចេញចូល និងត្រូវកាត់បន្ថយការធ្វើដំណើរចល័ត ឬនៅផ្ទះ ប្រសិនបើមិនមានភារកិច្ចចាំបាច់ត្រូវចេញក្រៅ។
ជាមួយគ្នានេះ ក្រសួងអំពាវនាវ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង នៅពេលដែលដល់វេន សូមចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា៕