(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចកំណត់ «តំបន់លឿង» នៅភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ដែលមានការឆ្លងរាលដាលជំងឺកូវីដ១៩ ចំនួន៨ករណី។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា ក្នុងចំណោមអ្នកវិជ្ជមានទាំង៨ករណីខាងលើ មានអ្នកវិជ្ជមានម្នាក់ឈ្មោះ ឈីវ រ៉ាន់ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរជាអ្នកលក់ភេសជ្ជ ប្រហិតចៀន នៅផ្ទះ ស្ថិតក្នុងភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង និងមានការពាក់ព័ន្ធច្រើន ជាមួយប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្តនេះ អ្នកបើករថយន្តដឹកទំនិញ និងកម្មករលើកទំនិញ (ទំនិញភាគច្រើនជាស៊ីម៉ង់)។

ដោយមានអាការៈគ្រុនក្ដៅខ្លាំង និងពិបាក-ដកដង្ហើម ក្រុមគ្រួសារបានបញ្ជូន លោក ឈីវ រ៉ាន់ ទៅមន្ទីរពេទ្យបង្អែកខេត្ត វេលាម៉ោង០១៖១៥នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ហើយក្រុមគ្រូពេទ្យបានយកសំណាកស្រាវជ្រាវរកមេរោគកូវីដ-១៩ ទទួលបានលទ្ធផលវិជ្ជមាន នៃជំងឺកូវីដ-១៩ ដោយស្ថានភាពធ្ងន់ធ្ងរ អ្នកជំងឺបានស្លាប់ នៅវេលាម៉ោង០២៖១០នាទី នៅថ្ងៃខែឆ្នាំដដែល។

ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប សម្រេចកំណត់ «តំបន់លឿង» នៅភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ដែលមានចែងអំពីកាតព្វកិច្ច និងករណីលើកលែង ដូចមានក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត ដែលនឹងចេញផ្សាយនាពេលបន្តបន្ទាប់ទៀត។

រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវដល់ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ ឬបានចេញ-ចូលទីតាំងខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ឲ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការ ក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ៕