(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខា បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនដល់ប្រជាពលរដ្ឋគ្មានទីពឹង ជនចាស់ជរា ជនងាយរងគ្រោះ អ្នកផ្ទុកមេរោគអដេស៍ ជនពិការ ដែលមានជីវភាពខ្វះខាត ក្នុងអំឡុងពេលរងផលប៉ះពាល់ ដោយសារជំងឺកូវីដ១៩ ចំនួន៦៦គ្រួសារ ក្នុងសង្កាត់វាលស្បូវ។

នាឱកាសនោះ លោក ចេង មុនីរ៉ា បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ប្រកបដោយសេចក្តីនឹករលឹក។ លោកអភិបាលខណ្ឌច្បារអំពៅ ក៏ប្រាប់ប្រជាពលរដ្ឋថា យ័នការពារដ៏ស័ក្តិសិទ្ធ សម្រាប់ការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ គឺអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺ៣ការពារ ៣កុំ នឹងជៀសផុតពីជំងឺកូវីដ១៩។

លោកបានលើកឡើងថា ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ជាក់ស្តែងដូចជាពេលនេះ គឺការជួយរបស់កាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយត្ន័បន្ថែមទៀត ជាពិសេសសូមគោរពអនុវត្តតាមវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ។

លោក ចេង មុនីរ៉ា ក៏បានបង្ហាញពីការយកចិត្តទុកដាក់ពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានី និងជាប្រធានសាខាកាកបាទក្រហមកម្ពុជារាធានីភ្នំពេញ ដល់ប្រជាពលរដ្ឋគ្មានទីពឹង ជនចាស់ជរា ជនងាយរងគ្រោះ អ្នកផ្ទុកមេរោគអដេស៍ ជនពិការដែលជួបការខ្វះខាតជីវភាព ក្នុងអំឡុងប៉ះពាល់ នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងសូមឲ្យរក្សាអនាម័យ ខ្លួនប្រាណ ពាក់ម៉ាសឲ្យបានត្រឹមត្រូវ លាងសំអាតដៃឲ្យបានញឹកញាប់ រក្សាគម្លាតឲ្យបានឆ្ងាយពីគ្នា មុនប្រើប្រាស់របស់អ្វីមួយត្រូវតែលាងសំអាតឲ្យបានស្អាតល្អ បាញ់អាល់កុលជាប្រចាំ។

លោក ញាណ ចាន់សោភា នាយករដ្ឋបាល បានញ្ជាក់ថា អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗទទួលបាន៖ អង្ករ ចំនួន២៥គីឡូក្រាម, ទឹកត្រី ទឹកស៊ីស៉ីវ ត្រីខ មី ម៉ាស ជែល និងថវិកាមួយចំនួន៕