(ភ្នំពេញ)៖ អង្គការសហគ្រិនអន្តរជាតិប្រចាំកម្ពុជា (EO Cambodia) បានផ្សព្វផ្សាយកម្មវិធីសហគ្រិនភាពរបស់ខ្លួន ដោយលើកយកប្រធានបទ «ឱកាសសម្រាប់សហគ្រិនកម្ពុជា ពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP)» មកពិភាក្សាតាមរយៈការពន្យល់បកស្រាយពីបណ្ឌិត សុក ស៊ីផាណា។

សិក្ខាសាលានេះក៏មានការចូលរួមពីសមាជិក EO Cambodia និងពាណិជ្ជករសក្តានុពលជាច្រើនរូប ព្រមទាំងមានការចែករំលែកបទពិសោធន៍ជាក់ស្តែងពីសារៈសំខាន់នៃការក្លាយខ្លួនជាសមាជិករបស់ EO ផងដែរ។

បណ្ឌិត សុក ស៊ីផាណា ជាស្ថាបនិក SokSiphana & associates និងជាទីប្រឹក្សាជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា បានថ្លែងនៅក្នុងសិក្ខាសាលាថា ពាណិជ្ជករកម្ពុជាដែលចូលរួមជាសមាជិករបស់ EO Cambodia នឹងមានឱកាសរីកចម្រើនពីកិច្ចព្រមព្រៀង RCEP ដោយសារហេតុផលសំខាន់៣ គឺទី១ ភាពខ្លាំងនៃធនធានមនុស្ស ទី២ ការមានបទពិសោធន៍គ្រប់គ្រាន់ និងទី៣ បណ្តាញដ៏ធំទូលាយជាមួយពាណិជ្ជករធំៗ។

យោងតាមបណ្ឌិត សុក ស៊ីផាណា, កិច្ចព្រមព្រៀង RCEP នឹងមិនយកពន្ធគយលើមុខទំនិញដល់ទៅ ៩២ ភាគរយ ព្រមទាំងបើកទីផ្សារសម្រាប់ពាណិជ្ជកម្មសេវាកម្មដល់ទៅ ៦៥ ភាគរយ ដើម្បីសម្របសម្រួល និងជំរុញការធ្វើពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងតំបន់។

លោកថ្លែងថា «ឱកាសល្អមួយដែលកម្ពុជា នឹងទទួលបានប្រយោជន៍នៅពេលដែល RCEP ចូលជាធរមាន គឺយើងនឹងទទួលបានគម្រោងវិនិយោគពីក្រៅប្រទេសកាន់តែច្រើនឡើង»

លោកបញ្ជាក់ថា «ទាក់ទងនឹងផ្នែកវិស័យសេវាកម្មវិញ ខ្ញុំរំពឹងថាក្រុមហ៊ុនជប៉ុនកាន់តែច្រើនឡើងនឹងមកកម្ពុជា សម្លឹងមើលឱកាសទិញភាគហ៊ុន ចូលវិនិយោគក្នុងវិស័យសេវាកម្មនេះ»

បណ្ឌិតបញ្ជាក់ថា កិច្ចព្រមព្រៀង RCEP នឹងផ្តល់ដល់ក្រុមហ៊ុនកម្ពុជា និងពាណិជ្ជករកម្ពុជា នូវឱកាសពាណិជ្ជកម្ម និងភាពជាដៃគូកាន់តែច្រើន ដែលអាចឲ្យពាណិជ្ជករកម្ពុជា ចូលរួមក្នុងខ្សែចង្វាក់ថ្មីនៅក្នុងតំបន់ព្រមទាំងបង្កើនការវិនិយោគបរទេសនៅកម្ពុជាផងដែរ។ RCEP មានប្រទេសជាសមាជិកសរុបចំនួន ១៥ ប្រទេស ដែលរួមមានសមាជិកអាស៊ានទាំង ១០ ប្រទេស និងប្រទេសជាដៃគូអាស៊ាន៥ទៀតគឺចិន អូស្ត្រាលី ជប៉ុន ណូវែលសេឡង់ និងកូរ៉េខាងត្បូង។

លោក Hanky Lee សមាជិក EO ប្រចាំប្រទេសហ្វ៊ីលីពីន (EO Philippines) បានលើកឡើងថា ភាពជាសមាជិករបស់បណ្តាញអ្នកជំនួញដ៏ធំនេះ បានជួយអាជីវកម្មរបស់លោកយ៉ាងច្រើន ដោយលោកមានឱកាសចូលរួមវេទិកាធំៗ សិក្ខាសាលាអភិវឌ្ឍន៍ខ្លួនទាំងក្នុងប្រទេស និងអន្តរជាតិ កម្មវិធីអប់រំជាយុទ្ធសាស្រ្តសម្រាប់បុគ្គលជាថ្នាក់ដឹកនាំ និងការភ្ជាប់ទំនាក់ទំនងជាមួយសមាជិកដែលមានចំណាប់អារម្មណ៍ដូចគ្នា។

លោកថ្លែងថា «ចំណុចទាំងនេះគឺជាអ្វីដែល EO បានជួយឲ្យខ្ញុំមើលឃើញពីឱកាសជុំវិញដើម្បីរីកចម្រើន ហើយទស្សនៈរបស់ខ្ញុំ គឺថាខ្ញុំត្រូវចាប់យកឱកាសទាំងនោះ។ ដោយហេតុដូច្នេះហើយ សម្រាប់ខ្ញុំការចូលរួមជាមួយ EO គឺជាកាដូរដ៏ធំ។ ខ្ញុំគិតថា អ្នកទាំងអស់គ្នាក៏អាចទទួលបានកាដូរនេះដែរ ដោយគ្រាន់តែអ្នកចូលជាសមាជិករបស់ EO»។

លោក គុយ វ៉ាត ប្រធាន EO Cambodia បានលើកឡើងនៅក្នុងពិធីបិទសិក្ខាសាលាស្តីពី «ឱកាសសម្រាប់សហគ្រិនកម្ពុជា ពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយ (RCEP)» ដោយរំឭកពីសារៈសំខាន់ នៃការចែករំលែករបស់អ្នកជំនាញ ដូចជាបណ្ឌិត សុក ស៊ីផាណា ហើយបញ្ជាក់ថាសមាជិក EO Cambodia នឹងខិតខំសហការ និងពង្រឹងបណ្តាញទំនាក់ទំនង ដើម្បីចាប់យកប្រយោជន៍ឲ្យបានកាន់តែច្រើនពីកិច្ចព្រមព្រៀង RCEP ដើម្បីជំរុញកំណើនវិស័យឯកជន និងសេដ្ឋកិច្ចកម្ពុជា។

EO គឺជាបណ្តាញនៃក្រុមអ្នកជំនួញធំ ៗលើពិភពលោក ដែលត្រូវបានបង្កើតឡើងនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៨៧ ហើយស្ថាប័ននេះកំពុងមានវត្តមានក្នុងប្រទេសចំនួន ៦១ ទូទាំងពិភពលោក ដោយបច្ចុប្បន្នមានម្ចាស់អាជីវកម្ម និងវិនិយោគិនជាង ១៤ ០០០ នាក់ទូទាំងពិភពលោកជាសមាជិក។ EO Cambodia ត្រូវបានបើកដំណើរការជាផ្លូវការកាលពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០១៩ ដោយមានសមាជិកស្ថាបនិកជាម្ចាស់អាជីវកម្មធំៗ និងថ្នាក់ដឹកនាំស្ថាប័នអាជីវកម្មធំៗប្រចាំកម្ពុជា៕