(បន្ទាយមានជ័យ)៖ កម្លាំងសមត្ថកិច្ចជំនាញខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជូនខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធបទល្មើសចែកចាយគ្រឿងញៀន ទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់ក្រោយបង្ក្រាបបានជាបន្តបន្ទាប់។

ជនសង្ស័យទាំង៤នាក់នេះ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ សហការជាមួយកម្លាំងវរ៨១៥ និងកម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែត ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក្នុងនោះមានការលោកព្រះរាជអាជ្ញារង សំរិទ្ធ សុខុន ចូលរួម និងនគរបាលជំនាញជាច្រើននាក់ទៀត នៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅផ្ទះសង្ស័យឈ្មោះ ឡេង គឹមឡាយ ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរមិនពិតប្រាកដបានគេចខ្លួន។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានឱ្យដឹងថា សមត្ថកិច្ចចម្រុះបានចុះឆែកឆេរផ្ទះរបស់ឈ្មោះ ឡេង គឹមឡាយ ក្នុងនោះបាន ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមសថ្លា ចំនួន១កញ្ចប់ និង ១កូនថង់តូច កាំភ្លើងម៉ាកឡុកចំនួន ១ដើម មានគ្រាប់ ១៦គ្រាប់ ថ្នាំប្រភេទគ្រាប់សង្ស័យសារធាតុញៀនចំនួន ៦៣គ្រាប់ ពណ៍ក្រហម ៥៥គ្រាប់ ពណ៌ខៀវ ៨គ្រាប់ ថ្នាំប្រភេទទឹកសង្ស័យសារធាតុញៀនចំនួន ៥ប្រអប់ មាន១២៥ដប និងថង់សម្រាប់ច្រកថ្នាំញៀន ១ចំនួន ដែលជនសង្ស័យយកទៅផ្ញើជាងធ្វើសំណង់ផ្ទះរបស់ខ្លួន។

ក្រោយពីធ្វើការឆែកឆេរចប់ សមត្ថកិច្ចបានចាប់ខ្លួនអ្នកពាក់ព័ន្ធចំនួន ៣នាក់ ក្នុងនោះស្រី២នាក់ ទី១៖ ឈ្មោះ ឡុង សារិទ្ធ ភេទប្រុស អាយុ ៣០ឆ្នាំ ជាអ្នកទទួលវត្ថុបញ្ញើរពី ឈ្មោះ គួន ស្រីឡាន់ ភេទស្រី អាយុ៣៣ឆ្នាំ និងឈ្មោះ សេង ស្រីនិច អាយុ២៣ឆ្នាំ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបន្តថា ក្រោយឆែកឆេរចប់ផ្ទះ ឈ្មោះ ឡេង គឹមឡាយ បានបិទជាបណ្តោះអាសន្ន និងយកបុគ្គលទាំង៣ខាងលើទៅអធិការដ្ឋាននគរបានស្រុកម៉ាឡៃដើម្បីសាកសួរបន្ត។ ក្នុងនោះនគរបាលជំនាញបានធ្វើការសាកសួរឈ្មោះ ឡុង សារិទ្ធ កម្មករបានឆ្លើយសារភាពថាក្រោយពេលផ្ញើអីវ៉ាន់រួច ឈ្មោះ ឡេងគឹម ឡាយ បានជិះរថយន្តម៉ាក toyota prius ពណ៌ស គ្មានស្លាកលេខ ទៅទិសខាងលិច សមត្ថកិច្ចបានបន្តរកឃើញរថយន្តនៅផ្ទះ ឈ្មោះ ហែម វ៉ាន់លី ភេទប្រុស អាយុ៥៥ឆ្នាំ នៅភូមិថ្មី ឃុំម៉ាឡៃ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ដោយផ្អែកតាមចម្លើយរបស់ ហែម វ៉ាន់លី ថា ឈ្មោះ ឡេង គឹមឡាយ ជាមិត្តភក្តិរបស់ខ្លួនតាំងពីតូច ហើយបានយករថយន្តដែលមានភិនភាគខាងលើទៅផ្ញើខ្លួនពិតប្រាកដមែន៕