(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី១៧ ខែមិថុនា នេះ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ២៦នាក់ទៀតបន្ថែមទៀត ខណៈអ្នកជំងឺ ១៨នាក់ បានព្យាបាលជាសះស្បើយ។

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាន បានឱ្យដឹងថា ករណីទី១ ដល់ករណីទី១៥ ជាករណីឆ្លងរាលដាលក្នុងសហគមន៍ ពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលនឹងប្រភពមកដើមពីស្រុកជីក្រែង។

ចំពោះករណីទី១៦ ដល់ករណីទី២១ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។ ករណីទី២២ ជាករណីមករកសេវាព្យាបាលនៅមន្ទីរពេទ្យព្រះបាទជ័យវរ្ម័នទី៧ ដោយមានអាការៈសង្ស័យ ក្រុមគ្រូពេទ្យបានយកសំណាកស្រាវជ្រាវរកមេរោគកូវីដ-១៩ ទទួលបានលទ្ធផលវិជ្ជមាន។

ដោយឡែក ករណីទី២៣ ដល់ករណីទី២៦ គឺជាប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្ដេចឪ និងវិទ្យាល័យវត្តស្វាយ។

នៅថ្ងៃនេះអ្នកជំងឺកូវីដ១៩ ចំនួន ១៨នាក់ បានព្យាបាលជាសះស្បើយផងដែរ។ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

សូមបញ្ជាក់ថា គិតត្រឹមពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៥៣៤នាក់។ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ១៣៦នាក់ ស្លាប់ ៤នាក់ និង ៣៩៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក៕