(កណ្ដាល)៖ ស្ត្រីម្នាក់ឈ្មោះ នួន គីមសួរ អាយុ៣៥ឆ្នាំ បានទទូចសុំយុត្តិធម៌ពីសាលាឧទ្ធរណ៍ជួយរកយុត្តិធម៌ ក្រោយបានពាក្យប្ដឹងចូលសាលាដំបូងខេត្តកណ្ដាល ករណីបុរសម្នាក់ជាមេភូមិស្ទឹង ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានប្រើអំពើហិង្សាមកលើខ្លួន ប៉ុន្តែត្រូវបានលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត តម្កល់រឿងទុកឥតចាត់ការ។ ករណីនេះបណ្ដាលឱ្យប៉ះពាល់សតិអារម្មណ៍ស្ត្រីរូបនេះយ៉ាងធ្ងន់ធ្ងរ។

រៀបរាប់មកកាន់ភ្នាក់ងារព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ អ្នកស្រី នួន គីមសួរ បានត្អូញត្អែរថា ដោយសារតែករណីប្រទាញប្រទង់ក្រដាសស្នាមមួយសន្លឹកបណ្ដាលឱ្យរហែកដោយអចេតនា ក៏ស្រាប់តែលោក លឹម ឡន មេភូមិស្ទឹង ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង បានវាយអ្នកស្រី ៣ដៃចំមុខ បណ្ដាលឱ្យរបួសទ្រុឌធ្មេញមួយគ្រាប់ និងរបួសស្នាមលើមុខ ដែលបានវាយកាលពីនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៨យប់ នៅចំណុចផ្ទះប្អូនជីដូនមួយជនរងគ្រោះឈ្មោះ ជា មុមនាង ស្ថិតនៅភូមិស្ទឹង ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ស្ត្រីរងគ្រោះបានបន្តថា លុះមកដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ អ្នកស្រីបានដាក់បណ្ដឹងមកកាន់សាលាដំបូងខេត្តកណ្ដាល។ បន្ទាប់មកមួយរយៈ ខាងសាលាដំបូងខេត្តកណ្ដាល បានកោះហៅអ្នកស្រីទៅសាកសួរដំណើរ ស្រាប់តែមួយរយៈក្រោយពេលជួបខាងមន្ត្រីតុលាការ បែរជាអ្នកស្រីទទួលបានលិខិតមួយចេញដោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល បានចេញលិខិត «តម្កល់ទុកឥតចាត់ការ» ទៅវិញ៕