(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានផ្ញើសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់៨៥ យាងចូល៨៦ព្រះវស្សា។

ក្នុងសារលិខិតរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសរសេរថា «ក្នុងឱកាសដ៏មហានក្ខត្តឫក្សថ្លៃថ្លា នៃព្រះរាជពិធីចម្រើនព្រះជន្មគម្រប់៨៥ យាងចូល ៨៦ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ តាំងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃរដ្ឋសភា ទូលព្រះបង្គំជាខ្ញុំ សូមលំឱនកាយសម្តែងនូវ អំណរសាទរ និងសូមគោរពថ្វាយព្រះពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គទ្រង់មានព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្រ្តទូទាំងប្រទេស។

ទូលព្រះបង្គំយើងខ្ញុំ សូមសម្តែងនូវការគោរពស្ញប់ស្ញែងយ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លារបស់សម្តេចព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះរាជកិច្ច បម្រើជាតិ សាសនា និងប្រជារាស្ត្រដែលជានិច្ចកាលព្រះអង្គតែងតែមានព្រះព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់ ព្រះទ័យជ្រះថ្លា បានបរិច្ចាគព្រះរាជទ្រព្យផ្ទាល់
របស់ព្រះអង្គក្នុងព្រះរាជសកម្មភាព សង្គមកិច្ច មនុស្សធម៌ វប្បធម៌ សាសនា និងការយកព្រះរាជហឫទ័យទុកដាក់ខ្ពស់ចំពោះស្ថានភាពជីវភាព សុខទុក្ខ ព្រមទាំងសេចក្តីសុខក្សេមក្សាន្ត ជូនប្រជារាស្ត្រខ្មែរទូទាំងប្រទេស។

ជាថ្មីម្តងទៀត ទូលព្រះបង្គំយើងខ្ញុំ សូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆ័ត្រ ព្រមទាំងគុណបុណ្យព្រះបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ សូមជួយអភិបាលគ្រងរក្សាប្រោះព្រំ សព្ទសាធុការពរ
បវរសួស្តី វិបុលសុខ បវរមហាប្រសើរថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រមទាំងព្រះញាតិវង្សានុវង្ស សូមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕

ខាងក្រោមនេះជាសារលិខិតថ្វាយព្រះពររបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖