(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅក្នុងរាជធានីភ្នំពេញ ប្រជាពលរដ្ឋក្រីក្រប៉ះពាល់ដោយជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ ប្រមាណ១០ម៉ឺនគ្រួសារ ដែលទទួលបានប្រាក់ឧបត្ថមពីរាជរដ្ឋាភិបាល ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខណៈប្រទេសកម្ពុជា បាននិងកំពុងប្រឈមនឹងការរីករាលដាលជំងឺ-១៩នេះ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី ប្រជាពលរដ្ឋក្រីក្រដែលទទួលបានថវិកាជំនួយគាំពារសង្គមពីរាជរដ្ឋាភិបាលហើយ គឺមិនត្រូវបានទទួលប្រាក់ឧបត្ថមពីរាជរដ្ឋាភិបាល ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះទៀតទេ។

ការបញ្ជាក់បែបនេះ របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងនាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ ខណៈដែលលោកអញ្ជើញទទួលជំនួយសង្គ្រោះបន្ទាន់ជាសាច់ប្រាក់ និងស្បៀងពីទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ នូវទឹកប្រាក់ចំនួន៨០ម៉ឺនដុល្លារ ដើម្បីជួយទៅដល់ប្រជាពលរដ្ឋដែលរងការប៉ះពាល់ដោយជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានថ្លែងថា ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលរាជធានីភ្នំពេញ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ ដែលបានផ្តល់ទឹកប្រាក់ចំនួន៨០ម៉ឺនដុល្លារ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ មេរោគកូវីដ-១៩។

តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាង សំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជាបានទាន់ពេលវេលា៕