(ភ្នំពេញ)៖ ផ្អែកលើចក្ខុវិស័យក្នុងការចូលរួមទទួលខុសត្រូវលើបរិស្ថាន ខ្មែរ ប៊ែវើរីជីស បានកាត់បន្ថយបរិមាណប្រើប្រាស់ទឹក ដើម្បីផលិតស្រាបៀរ កម្ពុជា ក្នុង១លីត្រ ដោយថយចុះពី៤.៥លីត្រ ក្នុងឆ្នាំ២០១៣ មកត្រឹមតែ២.៦៣លីត្រ ក្នុងឆ្នាំ២០២០ ក្នុងគោលបំណងសន្សំសំចៃធនធានធម្មជាតិ និងអនុវត្តយុទ្ធសាស្ត្រនីរន្តរភាព។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានវិនិយោគលើម៉ាស៊ីន និងឧបករណ៍វាស់ស្ទង់ការប្រើប្រាស់ បរិមាណទឹក ក្នុងគោលបំណងតាមដានការប្រើប្រាស់ទឹកប្រចាំថ្ងៃ និងពិនិត្ររកជំហានឬដំណាក់កាលណាដែលប្រើប្រាស់ទឹកក្នុងបរិមាណខ្ពស់ ដើម្បីកាត់បន្ថយ និងសន្សំសំចៃ តាមរយៈការបង្កើតស្ដង់ដារសម្រាប់ប្រើប្រាស់ រួមទាំងការយល់ដឹងរបស់បុគ្គលិក ពីតម្លៃ និងការសន្សំសំចៃនៃការប្រើប្រាស់ទឹក។

យោងតាមអ្នកបច្ចេកទេសនៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បច្ចេកវិទ្យាដែលចូលរួមជួយសន្សំសំចៃធម្មធានធម្មជាតិនេះ មិនប៉ះពាល់ដល់ចំណុះស្រាបៀរ ដែលច្រកចូលក្នុងកំប៉ុង ឬដបនីមួយៗឡើយ ពោលគឺវាគ្រាន់តែបង្កើតប្រសិទ្ធភាពនៃខ្សែសង្វាក់ផលិតកម្ម ដោយប្រើប្រាស់បរិមាណទឹកតិចជាងមុន។

គួរបញ្ជាក់ថា សំណល់ទឹកដែលបានប្រើប្រាស់រួចនៅ ខ្មែរ ប៊ែវើរីជីស ត្រូវបានឆ្លងកាត់តាមប្រព័ន្ធសម្អាតកាកសំណល់រាវ ដើម្បីសម្អាតឲ្យទាល់តែស្អាតមុនបង្ហូរទៅបរិស្ថាន ដែលអាចយកមកប្រើប្រាស់ឡើងវិញបាន៕