(ភ្នំពេញ)៖ តាមអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ (គ.ប.ក) នៅថ្ងៃទី១៣ ខែមិថុនានេះ រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានី-ខេត្ត។ នេះបើតាមអនុក្រឹត្យដែល Fresh News ទទួលបាន។

គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានី-ខេត្ត មានភារកិច្ចដឹកនាំកិច្ចប្រតិបត្តិការក្នុងការប្រយុទ្ធ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងដែនសមត្ថកិច្ចនៃរដ្ឋបាលរាជធានី-ខេត្ត នីមួយៗ។

គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានី-ខេត្ត ដឹកនាំដោយអភិបាលរាជធានី-ខេត្ត និងមានអភិបាលរងនៃគណៈអភិបាលរាជធានី-ខេត្តមួយរូប ជាអនុប្រធានប្រចាំការ ព្រមទាំងមានប្រធានមន្ទីរសុខាភិបាល ស្នងការនគរបាល មេបញ្ជាការកងរាជអាវុធហត្ថ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អង្គភាពពាក់ព័ន្ធ និងប្រធានមន្ទីរជំនាញរាជធានី-ខេត្ត ជាសមាជិក។ សមាសភាពជាក់ស្តែងនៃគណៈកម្មការប្រយុទ្ធនឹងជំងឺកូរីដ-១៩ ថ្នាក់រាជធានី-ខេត្ត ត្រូវកំណត់ដោយ ដីការបស់រដ្ឋបាលរាជធានី-ខេត្ត។

គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានី-ខេត្ត អាចមានក្រុមការងារ ឬយន្តការមួយចំនួន តាមការចាំបាច់ ដែលត្រូវបង្កើតឡើងដោយដីកាសម្រេចរបស់រដ្ឋបាលរាជធានី-ខេត្ត ដើម្បីបម្រើដល់ការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។

គណៈកម្មការនេះត្រូវអនុវត្តការងាររបស់ខ្លួន ក្រោមការសម្របសម្រួលរបស់គណៈកម្មការអន្តរក្រសួង និង គ.ប.ក.។ក្នុងករណីមានតម្រូវការចាំបាច់ និងបន្ទាន់ គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានី-ខេត្ត អាចស្នើសុំការគាំទ្រ និងជំនួយឧបត្ថម្ភពីគណៈកម្មការអន្តរក្រសួង និងពី គ.ប.ក.។

គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានី-ខេត្ត ប្រើកញ្ចប់ថវិការបស់រដ្ឋបាលរាជធានី-ខេត្ត និងជំនួយផ្សេងៗពីដៃគូអភិវឌ្ឍន៍ និងសប្បុរសជន និងប្រើត្រារបស់រដ្ឋបាលរាជធានី-ខេត្ត ដើម្បីបំពេញការងារ របស់ខ្លួន៕