(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចដឹកនាំ គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ (គ.ប.ក) ដោយផ្ទាល់តែម្ដង ដោយអមដោយឧបនាយករដ្ឋមន្រ្តី៤រូប ក្នុងនោះអនុប្រធានប្រចាំការ១រូប និងអនុប្រធានចំនួន៤រូប ព្រមទាំងសមាជិកជាច្រើននាក់ទៀតផងដែរ។

នេះបើតាមអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១។

ក្រៅពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានកំណត់ឲ្យមានគណៈប្រចាំការមួយ ជាសេនាធិការប្រចាំការផងដែរ ដោយសមាសភាពប្រធានមួយរូប គឺឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយអនុប្រធាន២រូប និងសមាជិក។

គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ មានតួនាទី និងភារកិច្ចដូចខាងក្រោម៖

* ដឹកនាំការប្រយុទ្ធនឹងជំងឺកូវីដ១៩

* កំណត់គោលនយោបាយ និងផែនការយុទ្ធសាស្ដ្រ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ សំដៅកាត់បន្ថយឲ្យបានជាអតិបរមានូវផលប៉ះពាល់ដល់វិស័យសុខាភាពសាធារណៈ និងធានាដល់និរន្ដរភាព នៃកិច្ចដំណើរការ និងជំរុញការស្ទុះងើបឡើងនៃវិស័យសង្គម-សេដ្ឋកិច្ចតាម «គន្លងប្រក្រតីភាពថ្មី»

* ដឹកនាំអនុវត្តផែនការយុទ្ធសាស្ដ្រ ក្នុងការប្រយុទ្ធ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ១៩

* គ្រប់គ្រងផលប៉ះពាល់លើទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងសង្គមទាំងកម្រិតជាតិ និងអន្ដរជាតិ និង

* ដឹកនាំ និងសម្របសម្រួលការអនុវត្តវិធានការជាអន្ដរវិស័យ អន្ដរស្ថាប័ន ទាំងនៅរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងជាមួយដៃគូដែលមានការពាក់ព័ន្ធ។

ជាមួយគ្នានេះ មាត្រា៥ នៃអនុក្រឹត្យនេះក៏បានកំណត់ពី គណៈកម្មការក្រោមឱវាទរបស់ គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ រួមមាន៖

* គណៈកម្មការអន្ដរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ សរសេរជាអក្សរកាត់ថា «គ.អ.ក»
* គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស សរសេរជាអក្សរកាត់ថា «គ.វ.ក-១៩»
* គណៈកម្មការចំពោះកិច្ចទទួលបន្ទុកលទ្ធកម្មវ៉ាក់សាំងកូវីដ១៩ សរសេរជាអក្សរកាត់ថា «គ.ល.វ»
* គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ ថ្នាក់រាជធានី-ខេត្ត សរសេរជាអក្សរកាត់ថា «គ.រ.ខ»។

ក្នុងករណីចាំបាច់ រាជរដ្ឋាភិបាលអាចបង្កើតគណៈកម្មការ ឬយន្ដការផ្សេងទៀត ដោយសេចក្ដីសម្រេចតាមសំណើរបស់គណៈប្រចាំការ នៃ គ.ប.ក ដើម្បីបម្រើឲ្យការប្រយុទ្ធនឹងជំងឺកូវីដ១៩៕