(កំពង់ធំ)៖ សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ ដែលជារោងចក្រកែច្នៃក្នុងស្រុកមួយ ស្ថិតនៅក្នុងភូមិត្រពាំងអារក្យ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បាននាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារជប៉ុប្រកបដោយគុណភាព។

លោកស្រី អ៊ិន ឡៃហួត អ្នកគ្រប់គ្រងរោងចក្រសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ បានលើកឡើង នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ថា គាត់ធ្លាប់ជាកសិករដាំស្វាយចន្ទី និងមានបទពិសោធន៍ ១០ឆ្នាំនិងជាប្រធានផ្នែកកែច្នៃនៅ សមាគមទេសចរណ៍កែច្នៃគ្រាប់ស្វាយចន្ទីសំបូរព្រៃគុក ចាប់តាំងពីឆ្នាំ២០១០ ដោយកែច្នៃគ្រាប់ស្វាយចន្ទី ដោយដៃមានរសជាតិឆ្ងាញ់ និងបានទទួលកេរ្តិ៍ឈ្មោះល្បីល្បាញ ព្រមទាំងបានទទួលការបញ្ជាទិញជាបន្តបន្ទាប់។

បន្ទាប់ពីបានជួបប្រជុំ និងពិភាក្សាជាមួយក្រុមហ៊ុនថបផ្លេននីន ជប៉ុន (TPJ) ខណៈដែលក្រុមហ៊ុនកំពុងសិក្សាពីស្វាយចន្ទីកម្ពុជា ក្រោមជំនួយរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) សិប្បកម្ម និងក្រុមហ៊ុន ថបផ្លេននីន បានសម្រេចរួមគ្នាបង្តើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីសាកល្បងដែលអនុលោមតាមស្តង់ដារអន្តរជាតិ និងសហការគ្នាជាដៃគូពាណិជ្ជកម្ម ក្រោមឈ្មោះរបស់ម្ចាស់សិប្បកម្មគឺ «គ្រាប់ស្វាយចន្ទីឡៃហួត» ដោយមានការសម្របសម្រួល និងគាំទ្រដោយនាយកដ្ឋានកសិ-ឧស្សាហកម្ម (ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ) ដោយបានកំណត់ចក្ខុវិស័យ និងកំណត់ទិសដៅច្បាស់លាស់ ដើម្បីធ្វើឱ្យគ្រាប់ស្វាយចន្ទីកម្ពុជា ទទួលបានចំណាត់ថ្នាក់ខ្ពស់ត្រូវបានទទួលស្គាល់ទាំងគុណភាព និងរសជាតិពីទីផ្សាជប៉ុន និងទីផ្សាក្រៅប្រទេសផ្សេងទៀត។

លោកស្រីបានបញ្ជាក់ទៀតថា ការងារនេះបានផ្តល់ប្រយោជន៍រួមមាន៖

*ទី១៖ លើកកម្ពស់គុណភាពគ្រាប់ស្វាយចន្ទីស្រស់ និងផ្តល់តម្លៃខ្ពស់ដល់កសិករក្នុងតំបន់ និងកសិករដែលបានចុះកិច្ចសន្យាផលិតកម្មកសិកម្ម
*ទី២៖ ធានាផលិតនូវគ្រាប់ស្វាយចន្ទីដែលប្រកបដោយគុណភាព និងមានសុវត្ថិភាពខ្ពស់
*ទី៣៖ ដើម្បីជាមូលដ្ឋានគ្រឹះ នៃការលើកកម្ពស់គ្រាប់ស្វាយចន្ទីរបស់កម្ពុជា និងកាត់បន្ថយការធ្វើចំណាកស្រុកដោយផ្តល់នូវឱកាសការងារ និងប្រាក់កម្រៃសមរម្យដល់ស្រ្តី និងយុវជននៅក្នុងសហគមន៍។

លោកស្រីបញ្ជាក់ទៀតថា រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីខ្នាតតូចបានបង្កើតឡើង និងចាប់ផ្តើមដំណើរការចាប់តាំងពីចុងឆ្នាំ២០២០ ក្រោមកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងសិប្បកម្មកែច្នៃ គ្រាប់ស្វាយចន្ទីជ័យសំបូរ និងក្រុមហ៊ុន ថបផ្លេននីនជប៉ុន ដោយទទួលបាននូវការគាំទ្របច្ចេកទេស និងកិច្ចសម្របសម្រួលពីនាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើប្រព័ន្ធគ្រប់គ្រងគុណភាព និងសុវត្ថិភាពការអនុវត្ត ផលិតកម្មកសិកម្មតាមកិច្ចសន្យា និងការកែច្នៃដែលអនុលោមតាមស្តង់ដារ ហើយក្រុមការងារគាំទ្របច្ចេកទេសរបស់នាយកដ្ឋានកសិ-ឧស្សាហកម្ម បានសម្របសម្រួលយ៉ាងពេញលេញ ជាមួយក្រុមហ៊ុនថបផ្លេននីន ជប៉ុនក្នុងការបង្កើតស្តង់ដារសម្រាប់គ្រាប់ស្វាយចន្ទីរស្រស់អនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា និងបង្កើតស្តង់ដារសម្រាប់កែច្នៃផលិតផលស្វាយចន្ទីរ ដើម្បីទទួលបានវិញ្ញាបនបត្រ នៃការវិភាគហានិភ័យលើចំណុចត្រួតពិនិត្យក្នុងផលិតកម្ម (HACCP) និងវិញ្ញាបនបត្រសរីរាង្គ។

គ្រប់ផ្នែកក្នុងផលិតកម្មកែច្នៃ បានអនុវត្តតាមប្រព័ន្ធគ្រប់គ្រងស្តង់ដារ ដែលជាគោលការណ៍ឧស្សាហកម្មកែច្នៃរបស់ជប៉ុន ដើម្បីធានាបាននូវគុណភាព និងសុវត្ថិភាពនៃផលិតផលស្វាយចន្ទីសម្រាប់អ្នកបរិភោគ។ សមិទ្ធិផលទាំងនេះ ជាផ្នែកសំខាន់មួយក្នុងការជំរុញគ្រាប់ស្វាយចន្ទីរបស់កម្ពុជា ជាពិសេសនៅក្នុងខេត្តកំពង់ធំ ឱ្យមានការទទួលស្គាល់ជាសកល។

លោកស្រី អ៊ិន ឡៃហួត បានលើកឡើងទៀតថា ដោយមានកិច្ចសហការប្រកបដោយជោគជ័យ លើការបង្កើតរោងចក្រកែច្នៃសាកល្បងនេះ និងការផ្សារភ្ជាប់ភាពជាដៃគូរវាងផលិតករ វិស័យសាធារណៈ និងវិស័យឯកជន គ្រាប់ស្វាយចន្ទីរកែច្នៃដំបូងបង្អស់របស់លោកស្រី ដែលមានស្តង់ដារគុណភាព និងសុវត្ថិភាពខ្ពស់ ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសជប៉ុន ក្នុងបរិមាណចំនួន១០តោន ការនាំចេញលើកទី២ ហើយការនាំចេញបន្តបន្តាប់ នឹងមានជារៀងរាល់ខែ។

ជាមួយគ្នានេះលោក វេង សាខុន រដ្ឋមន្ត្រីលក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានជំរុញឱ្យមន្ត្រីទាំងអស់ ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការជួយដល់ប្រជាពលរដ្ឋ លើវិស័យកសិកម្មដើម្បីជួយលើកស្ទួយសេដ្ឋកិច្ច ក្រុមគ្រួសារប្រជាពលរដ្ឋ ក៏ដូចជាសេដ្ឋកិច្ចជាតិផងដែរ។

លោកបានបន្ថែមថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដាក់ចេញគោលនយោបាយជាអាទិភាពការប្ដេជ្ញាចិត្តយ៉ាងមុតមាំទៅលើកំណើនការងារសមធម៌ និងប្រសិទ្ធភាពការកសាងមូលដ្ឋាន ឆ្ពោះទៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដោយបង្កើនផលិតភាពពិពិធកម្មដំណាំកសិកម្ម និងកសិធុរកិច្ច តាមរយៈការជំរុញកំណើនផលិតកម្មគ្រប់មុខដំណាំ ជំរុញការធ្វើដំណាំចម្រុះ ដោយត្រូវឈរលើគោលការណ៍បច្ចេកទេសត្រឹមត្រូវទាំងពូជ ទាំងការដាំដុះ មើលថែទាំទឹក សត្វល្អិត ការប្រមូលផលវេចខ្ចប់ ស្តុកទឹក និងដឹកជញ្ជូនទៅកាន់ទីផ្សារប្រកបដោយគុណភាព អនាម័យទើបធ្វើឱ្យផលិតផលរបស់យើងមានទីផ្សារល្អ និងមានតម្លៃខ្ពស់។

ប្រជាពលរដ្ឋមូលដ្ឋាន បានបង្ហាញភាពសប្បាយរីករាយជាខ្លាំង ជាមួយនឹងក្ដីសង្ឃឹមទទួលបានប្រាក់កម្រៃបន្ថែម សម្រាប់ផ្គត់ផ្គង់គ្រួសារកាត់បន្ថយការចំណាកស្រុក។ គួរបញ្ជាក់ថា សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ មានសមាជិកសហគមន៍ចំនួន ៣៣គ្រួសារ ដែលកំពុងដាំដុះលើផ្ទៃដី ៣៤៤ហិចតា និងបុគ្គលិក ១១៥ នាក់ជាស្ត្រីមេផ្ទះ៕