(កំពត)៖ រដ្ឋបាលខេត្តកំពត នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជាក់ពីការស្លាប់របស់អ្នកជំងឺកូវីដ១៩ម្នាក់ ដោយសារតែដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូង ពេលកំពុងដើរហាត់ប្រាណ។

សេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តកំពត បានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩រូបនេះ ឈ្មោះ ឡេ ប៊ុនង៉ោ ភេទប្រុស អាយុ៦៨ឆ្នាំ មានអាសយដ្ឋាននៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត បានរកឃើញវិជ្ជមានកូវីដ១៩ និងចូលសម្រាកនៅមណ្ឌលព្យាបាលវិទ្យាល័យព្រះបិតាជាតិ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ក្នុងស្ថានភាពសុខភាពល្អប្រសើរធម្មតា។

លុះដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ អ្នកជំងឺបានឡើងដើរហាត់ប្រាណធម្មតា ក៏បានដួលស្លាប់បាត់បង់ជីវិតភ្លាមៗ ដោយសារដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូង៕