(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរស្រុកនៅតាមដងទន្លេ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ត្រូវអនុវត្តន៍ច្បាប់ទៅលើបែត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ របស់ជនជាតិវៀតណាម បើសិនហ៊ានល្មើសនឹងបម្រាម ឬហ៊ានលួចមកស្នាក់នៅដោយខុសច្បាប់។

ការដាក់បញ្ជាបែបនេះរបស់លោក គង់ សោភ័ណ្ឌ បានធ្វើឡើងនេះនៅគ្រាដែលលោកអញ្ជើញចុះត្រួតពិនិត្យផ្ទះបណ្តែតទឹក បែត្រី ខុសច្បាប់ក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ ស្រុកល្វាឯម និងស្រុកលើកដែក នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ ដោយមានការចូលរួមពីមន្ត្រីក្រោមឱវាទជាច្រើននាក់។

លោកអភិបាលខេត្ត បានដាក់បញ្ជាយ៉ាងដូច្នេះថា៖ «អាជ្ញាធរពាក់ព័ន្ធ ត្រូវមានវិធានការឱ្យបានតឹងរឹង តាមនីតិវិធីច្បាប់ដោយគ្មាននការយោគយល់ចំពោះបែត្រី និងផ្ទះបណ្តែតទឹកដែលខុសច្បាប់ ហើយអាជ្ញាធរស្រុកត្រូវចាត់ឱ្យ មានកងកម្លាំងយាមល្បាតគ្រប់ពេលវេលា និងហាមមិនមានបែត្រី ផ្ទះបណ្តែតទឹកចូលចតក្នុងមូលដ្ឋានខ្លួនជាដាច់ខាត ហើយត្រូវគ្រប់គ្រងស្ថិតិ បែត្រី ផ្ទះបណ្តែតទឹក ទាំងចាស់ទាំងថ្មីឱ្យបានច្បាស់លាស់បំផុត ដើម្បីរៀបចំសណ្តាប់ធ្នាប់ តាមដងទន្លេឡើងវិញ សម្រួលដល់ផ្លូវនាវាចរ និងប្រព័ន្ធអេកូឡូហ្ស៊ី ចៀសវៀងការខូខាតធ្ងន់ធ្ងរដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ដល់សោភ័ណភាពតាមដងទន្លេ និងសុខភាពរបស់ប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ទឹកក្នុងទន្លេជាប្រចាំថ្ងៃផងដែរ»

សូមជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញ បានចេញប្រកាសព័ត៌មានថា កន្លងមកមានជនឱកាសនិយមមួយចំនួន បានលបលួចធ្វើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះតូចៗ និងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេ ហើយកន្លែងខ្លះ បានប្រែក្លាយជាកន្លែងស្នាក់នៅដោយខុសច្បាប់យ៉ាងអាណាធិបតេយ្យ ដែលបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ ប៉ះពាល់ដល់ផ្លូវនាវាចរ ប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៉ី មានចរន្តទឹកហូរ គោករាក់ ពិសេសការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាសវាល ពាសកាលក្នុងទន្លេ ធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ដល់សោភ័ណភាពរាជធានីភ្នំពេញ ព្រមទាំងប៉ះពាល់ដល់សុខភាព នៃប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ទឹកមិនស្អាតផងដែរ៕